(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាហាមដាច់ខាតមិនអនុញ្ញាតឲ្យអាស្រ័យផលក្នុងតំបន់៣ឡើយ និងរួមគ្នាទប់ស្កាត់ការទន្ទ្រានដីព្រៃជុំវិញបឹងទន្លេសាប។

លោក ងួន រតនៈ បានថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នៅសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពីអភិបាលរងខេត្ត ព្រះរាជអាជ្ញា ប្រធានមន្ទីរអង្គភាព និងអភិបាលក្រុងស្រុកផងដែរ។

លោកបានលើកថា មន្ត្រីដែលពាក់ព័ន្ធ និងអភិបាលស្រុកដែលនៅជាប់បឹងទន្លេសាប សូមយកចិត្តទុកដាក់ និងទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃលិចទឹកនៅតំបន់៣ឱ្យខានតែបាន។ លោកបន្តថា ការស្នើសុំប្រឡាយទឹក និងប្រព័ន្ធធារាសាស្ត្រផ្សេងៗ គឺសូមផ្អាកទាំងអស់មិនអនុញ្ញាតបន្តការស្នើសុំទេ។

លោកឲ្យបន្តពង្រឹង និងជំរុញល្បឿន នៃការដោះស្រាយសំណុំរឿងនៅតុលាការហើយ មានការទំនាក់ទំនងគ្នាដើម្បីផលប្រយោជន៍រួម បន្តអនុវត្តសំណុំរឿងឲ្យចេញជាផ្លូវការ ដើម្បីឲ្យរដ្ឋបាលខេត្ត បន្តយុទ្ធនាការក្នុងការគ្រប់គ្រងដី។

លោកអភិបាលខេត្ត បានណែនាំឲ្យពង្រឹងការគ្រប់គ្រង សជណ ផ្សេងៗពាក់ព័ន្ធតំបន់ផ្សេងៗ និងបង្កើតក្រុមការងារចំពោះកិច្ចការងារកសិកម្ម ការងារធនធានទឹក ការងារសំណង់ បង្កើតការងារក្រៅប្រព័ន្ធតុលាការ គឺឲ្យអភិបាលរងខេត្ត៣រូប ជាអ្នកគ្រប់គ្រង (ប្រធាន)។

លោកឲ្យបែងចែកឲ្យត្រឹមត្រូវជាក់លាក់រាល់បញ្ហាទាំងអស់នៅក្នុងខេត្តកំពង់ធំ ហើយតំបន់៣ មិនអនុញ្ញាតទៀតទេចំពោះការជីកអាងទឹក ប្រពន្ធ័ធារាសាស្ត្រ មិនឲ្យអាស្រ័យផល ក្នុងនោះមានអាងទឹកចំនួន៣១អាង និងត្រូវដាក់កម្លាំងល្បាតឲ្យបានគ្រប់ជ្រុងជ្រោយ។

អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអាជ្ញាធរស្រុក ត្រូវខិតខំចុះត្រួតពិនិត្យដីតំបន់៣ ឲ្យច្បាស់លាស់ តើមិនមានឲ្យបងប្អូនប្រជាពលរដ្ឋណាខ្លះ ធ្វើការបង្កបង្កើនផល ឬអាស្រ័យផលលើដីតំបន់នោះ។ ក្នុងកិច្ចប្រជុំនោះអភិបាល ស្រុកចំនួន៦ស្រុក គឺស្រុកស្ទោង ស្រុកកំពង់ស្វាយ ក្រុងស្ទឹងសែន ស្រុកសន្ទុក ស្រុកតាំងគោក ស្រុកបារាយណ៍ បានលើកឡើងពីបញ្ហាការប្រឈម និងការទប់ស្កាត់ពីក្រុមខិលខូចលួចកាប់ដីព្រៃទន្ទ្រាន គឺមានបញ្ហាពិបាក និងប្រឈម។ ដើម្បីទប់ស្កាត់ពីក្រុមទាំងអស់នេះ មានតែបិតការស្នើសុំស្តារប្រឡាយជួសជុលប្រឡាយ ដើម្បីកាត់ផ្តាច់ប្រភពទឹកដូច្នេះអាចលុបបាត់ការលួចកាប់ដីព្រៃជុំវិញបឹងទន្លេសាបបាន៕