(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចកម្ពុជា-ថៃ បានប្រឹងប្រែងពង្រឹងលើការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ដែលអាចកើតឡើងតាមច្រករបៀងនានាតាមខ្សែបន្ទាត់ព្រំដែន ប៉ុន្តែបទល្មើសនៃការលួចនាំចូលទំនិញផ្សេងៗនៅតែកើតមានឡើង។

ជាក់ស្តែងនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងកងរយលេខ១២០១ សហការជាមួយតម្រួតការពារព្រំដែនលេខ១២ បានចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនយ៉ាងម៉ត់ចត់ត្រង់ចំណុចថាប់ធីមស៉្យាម ក្នុងភូមិ៩ ឃុំថាប់ថៃ ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំប្រទល់ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ពេលកម្លាំងសមត្ថកិច្ចចុះល្បាតនោះ កម្លាំងក៏បានប្រទះឃើញក្រុមរត់ពន្ធម៉ូតូបម្រុងឆ្លងដែនចូលមកកម្ពុជា ទើបកម្លាំងដេញតាមចាប់ខ្លួនបាន២នាក់ និងម៉ូតូ៣គ្រឿង ខណ:ដែលពួកគេបានព្យាយាមបើករត់គេចពីសមត្ថកិច្ចតាមចម្ការដំឡូង។

ភ្លាមៗនោះសមត្ថកិច្ចបានបន្ថែមកម្លាំងដោយធ្វើការរុករកជុំវិញបរិវេណខាងលើ ទើបឈានដល់ការឃាត់ខ្លួនមនុស្សបន្ថែម៥នាក់ទៀត ដកហូតម៉ូតូបន្ថែមចំនួន១៥គ្រឿង និងរថយន្ត១គ្រឿង សរុបមនុស្សចំនួន៧នាក់ (ប្រុស៣នាក់ ស្រី៤នាក់)។

ជនសង្ស័យទាំងនេះ បានសារភាពថា ពួកគេមកទទួលយកម៉ូតូនៅក្នុងចម្ការដំឡូងចុងភូមិ ហើយជិះទៅប្រគល់ឲ្យឈ្មួញខ្មែរដែលនៅចាំឯព្រំដែន ដោយម៉ូតូ១គ្រឿង ពួកគេទទួលបានកម្រៃ២០០បាត។ បច្ចុប្បន្នជនសង្ស័យ ទាំងអស់ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕