(ព្រះសីហនុ)៖ វេទិកាថ្នាក់ក្រោមជាតិ នៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ (The PEMSEA Network of Local Governments (PNLG) បានរួមគ្នាអនុម័តសេចក្តីប្រកាសរួមខេត្តព្រះសីហនុ (Preah Sihanouk Declaration) ដោយបានបញ្ជាក់សាជាថ្មីចំពោះការប្តេជ្ញាចិត្តយ៉ាងខ្ពស់ ក្នុងនាមជារដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបន្តអភិវឌ្ឍសេដ្ឋកិច្ចខៀវ តាមរយៈកម្មវិធី ICM និងគំនិតផ្តួចផ្តើមពាក់ព័ន្ធផ្សេងៗទៀត។ នេះជាការបញ្ជាក់របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងពិធីបើកមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ ក្រោមប្រធាន «បង្កើតទសវត្សរ៍ថ្មី សម្រាប់សុខុមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ។

លោកបានបន្តថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ បន្ទាប់ពីបានក្លាយជាដៃគូក្នុងតំបន់របស់អង្គការ PEMSEA (Partnership in Environmental Management for the Seas of East Asia) តាមរយៈការអនុវត្តកម្មវិធី គ្រប់គ្រងចម្រុះតំបន់ឆ្នេរ ICM វេទិកាថ្នាក់ក្រោមជាតិ នៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ បានអនុម័តយុទ្ធសាស្ត្រតំបន់ឆ្នេររយៈពេលវែង ដែលបង្ហាញអំពីចក្ខុវិស័យរបស់ភាគីពាក់ព័ន្ធ សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាពនៅតំបន់ឆ្នេរ និងសមុទ្រដែលមានឆ្នេរខ្សាច់សដ៏ស្រស់ស្អាត ជីវៈចម្រុះសមុទ្រដ៏សម្បូរបែប និងបានលើកកម្ពស់នូវជីវភាពរស់នៅរបស់សហគមន៍ ដែលពឹងផ្អែកលើធនធានតំបន់ឆ្នេរខេត្តព្រះសីហនុ។ ជាពិសេសនោះ បានអនុវត្តផែនការបែងចែកតំបន់ប្រើប្រាស់ដី ទឹកតំបន់ឆ្នេរ និងសមុទ្រដើម្បីធានាដល់ការកាត់បន្ថយជំលោះ និងការប្រើប្រាស់ធនធានសមុទ្រឱ្យមានតុល្យភាព។

តាមរយៈសេចក្តីថ្លែងរបស់ខ្លួន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ការស្តារអូប្រឡាយ ការកែលម្អ ឆ្នេរសមុទ្រ រៀបចំខុសលក់ដូរ បន្ទប់ទឹកសាធារណៈ ស្ថានីយប្រព្រឹត្តិកម្ម ទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ដូចជា៖ កំពង់ផែ អន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន ផ្លូវដែក។ល។ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ និងប្រទាក់ក្រឡាគ្នាដើម្បីជំរុញ និងប្រែក្លាយក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម ធុរកិច្ច ឧស្សាហកម្ម និងទេសចរណ៍ ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។

លោក គួច ចំរើន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាមួយមោទកភាព នៃសម្រស់ដ៏ស្រស់ស្អាតនៃឆ្នេរ និងសមុទ្រកម្ពុជា នៅពេលព្រឹកមិញនេះ យើងខ្ញុំបានរៀបចំវេទិកាថ្នាក់ក្រោមជាតិ នៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ី-បូព៌ា ប្រចាំឆ្នាំ២០២១ នៃអង្គការ PEMSEA ដែលរដ្ឋបាលថ្នាក់ក្រោមជាតិជាសមាជិកទាំង៥១ ខេត្ត-ក្រុង រួមទាំងខេត្តព្រះសីហនុ និងខេត្ត តំបន់ឆ្នេរចំនួន០៣ផ្សេងទៀត របស់កម្ពុជា និងមានការចូលរួមពីប្រទេសជាសមាជិកចំនួន១១ ក្នុងតំបន់ និងអាស៊ាន ព្រមទាំងអង្គការ អន្តរជាតិចំនួន២១ នៅទូទាំងតំបន់អាស៊ី-បូព៌ា បានជួបជុំពិភាក្សា និងផ្លាស់ប្តូរនូវបទពិសោធន៍នៃការគ្រប់គ្រងតំបន់ឆ្នេរ និងសមុទ្រនៃប្រទេសនីមួយៗ សំដៅសហការរួមគ្នាថែរក្សា ការពារ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រក្នុងតំបន់ប្រកបដោយនិរន្តរភាព។

ក្នុងនាមជាសមាជិកបណ្តាញ PNLG យើងខ្ញុំទាំងអស់គ្នាបានរួមគ្នា អនុម័តនូវ សេចក្តីប្រកាសរួមខេត្តព្រះសីហនុ (Preah Sihanouk Declaration) ដែលបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ពស់របស់ យើងខ្ញុំ ក្នុងនាមជារដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបន្តអភិវឌ្ឍសេដ្ឋកិច្ចខៀវ តាមរយៈកម្មវិធី ICM និងគំនិតផ្តួចផ្តើមពាក់ព័ន្ធផ្សេងៗទៀត»

លោក គួច ចំរើន បានបន្ថែមថា បណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា បានប្តេជ្ញាថានឹងខិតខំធ្វើការសហការគ្នាជាបណ្តាញ ដើម្បីអនុវត្តនូវផែនការយុទ្ធសាស្ត្រសកម្មភាព PNLG ឆ្នាំ២០២២-២០៣០ ឱ្យមានប្រសិទ្ធភាពស្របតាមកម្មវិធីធំៗចំនួន ៣រួមមាន៖

*ទី១៖ ពង្រឹងអភិបាលកិច្ច និងភាពជាដៃគូ

*ទី២៖ ការចូលរួមអនុវត្តកម្មវិធីគ្រប់គ្រងពាក់ព័ន្ធនឹងគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព (SDGs) មានជាអាទិ៍៖ គោលដៅទី៦ ស្តីពីការប្រើប្រាស់ និងការគ្រប់គ្រងទឹក, គោលដៅទី១១ ស្តីពីការការពារសមុទ្រ និងការកាត់បន្ថយការបំពុល, គោលដៅទី១៣ ស្តីពីការបន្សំ ការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, គោលដៅទី១៤ ស្តីពីការអភិរក្សជីវៈចម្រុះ និងការស្ដារ ឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី។

*ទី៣៖ លើកកម្ពស់ការគ្រប់គ្រង ការវាយតម្លៃ និងការរាយការណ៍ក្នុងនាមជាសមាជិកបណ្តាញ ដើម្បីអភិវឌ្ឍសកម្មភាពប្រកបដោយចីរភាព សម្រាប់ទសវត្សថ្មី ជាមួយការប្តេជ្ញាចិត្តជាថ្មី ក្នុងកម្រិតតំបន់ និងអន្តរជាតិដូចជាផែនការយុទ្ធសាស្ត អភិវឌ្ឍដោយចីរភាព សម្រាប់សមុទ្រអាស៊ី-បូព៌ា (SDS SEA) ឆ្នាំ២០២៣-២០២៧ និងផែនទីបង្ហាញផ្លូវ PEMSEA ឆ្នាំ២០៣០ ក្របខណ្ឌអភិវឌ្ឍជីវៈចម្រុះ និងផែនការយុទ្ធសាស្ត្រគ្រប់គ្រង អភិវឌ្ឍតំបន់ឆ្នេរ និងសមុទ្រដទៃទៀត៕