(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាញវិជ្ជជីវៈ និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាក្នុងក្របខណ្ឌក្រសួង បានណែនាំឱ្យគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាក្នុងក្របខណ្ឌក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតគូរបង្កើតមូលនិធិសហជីព ២ ធ្នូ ១៩៧៨។

គោលបំណង នៃការផ្ដួចផ្ដើមបង្កើតមូលនិធិនេះ ដើម្បីរួមចំណែកក្នុងការជួយដល់អតីតអ្នកសហជីព និងអ្នកសហជីពបច្ចុប្បន្នដែលចាស់ជរា និងជួបទុក្ខលំបាកផ្សេងៗ និងអាចជួយដល់សកម្មជនសហជីព និងកម្មករនិយោជិតដែលបានជួបនូវបញ្ហាលំបាកផ្សេងៗ។

ការផ្ដួចផ្ដើមបង្កើតមូលនិធិសហជីព ២ ធ្នូ ១៩៧៨ ខាងលើនេះ ត្រូវបានលោក អ៉ិត សំហេង លើកឡើងនៅក្នុងពិធីសំណេះសំណាលខួបអនុស្សារីយ៍លើកទី៤៣ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូអនឡាញផងប្រមាណជាង៣០០នាក់។

នៅក្នុងឱកាសនោះ លោក អ៉ិត សំហេង បានលើកឡើងថា ទន្ទឹមនឹងការចាប់បដិសន្ធិរណសិរ្ស ២ ធ្នូ សហព័ន្ធសហជីពឯករាជ្យកម្ពុជាមានឈ្មោះដើមហៅថា «សហជីពកម្មករសង្គ្រោះជាតិកម្ពុជា» ដែលបានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ គឺព្រមគ្នាជាមួយរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋនៅតាមជាយក្រុង ដែលទើបនឹងរំដោះរួចពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើយ៉ាងណាធានានូវជីវភាពរស់នៅបាន ដោយបង្កបង្កើនផលកសិកម្ម។

លោកបានបន្តថា ក្នុងការបង្កើតចលនាសហជីពនៅជំនាន់នោះ ក្នុងស្ថានភាពចេញពីបាតដៃទទេ កម្មករនិយោជិតទាំងចាស់ទាំងថ្មីដោយមានការជួយឧបត្ថម្ភ និងគាំទ្រពីចលនាកម្មករអន្តរជាតិជាមិត្តជិតឆ្ងាយ បានសាមគ្គីបំពេញភារកិច្ចរបស់ខ្លួនក្នុងចលនាស្នេហាជាតិយ៉ាងសស្រាក់សស្រាំទូទាំងប្រទេស។ លើមូលដ្ឋាននេះ សហព័ន្ធសហជីពកម្ពុជាក៏បានបំពេញតួនាទី និងពង្រីកសកម្មភាពរបស់ខ្លួនធ្វើជាបង្អែកដ៏រឹងមាំដល់ចលនា កម្មករនិយោជិតក្នុងភារកិច្ចស្តារកសាងប្រទេសជាតិ។ គ្រាន់តែប៉ុន្មានឆ្នាំប៉ុណ្ណោះ ផែនការជាតិជាច្រើនត្រូវបានអនុវត្តសម្រេចសមិទ្ធផលធំៗជាស្នាដៃរួមរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ត្រូវបានកើតឡើងជាបន្តបន្ទាប់លើគ្រប់វិស័យ ដូចជា វិស័យសេដ្ឋកិច្ចសង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាលជាដើម ដែលជាសន្ទុះ និងសមិទ្ធផលនៃស្នាដៃទាំងនោះបានរួមចំណែកក្នុងជំហានរីកចម្រើនរបស់មាតុភូមិកម្ពុជាយ៉ាងពិតប្រាកដ។

លោក អ៉ិត សំហេង ក៏ផ្តល់អនុសាសន៍ដល់ដល់អង្គការសហជីពត្រូវចងចាំថា សហជីពនៅកម្ពុជាបានបដិសន្ធិឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ដូចនេះត្រូវមានក្រុមការងាររៀបចំចងក្រងនូវប្រវត្តិនេះទុកជាឯកសារ ដើម្បីប្រើប្រាស់ទុកជាប្រយោជន៍ដល់សហជីពជំនាន់ក្រោយបានស្រាវជ្រាវសិក្សាស្វែងយល់ ដើម្បីទុកជាឧត្តមប្រយោជន៍រួមរបស់ជាតិ។

លោកបានថ្លែងយ៉ាងដូច្នេះថា «ទន្ទឹមនេះ ត្រូវបង្កើតមូលនិធិសហជីព ២ ធ្នូ ១៩៧៨ ដើម្បីចូលរួមចំណែកក្នុងការជួយដល់អតីតអ្នកសហជីព និងអ្នកសហជីពបច្ចុប្បន្ន ដែលចាស់ជរា និងជួបទុក្ខលំបាកផ្សេងៗ និងអាចជួយដល់សកម្មជនសហជីព និងកម្មករនិយោជិតដែលបានជួបនូវបញ្ហាលំបាកផ្សេងៗ»

លោកបានបន្តទៀតថា ការពង្រីក និងពង្រឹងសកម្មភាពចលនាសហជីពរបស់កម្មករនិយោជិត និងសកម្មភាពរបស់សហជីពបានជាបន្តបន្ទាប់ ធានាបាននូវគុណភាពរហូតបង្កើត «សហជីពឯករាជ្យកម្ពុជា» បាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៩ បញ្ជិកាលេខ៦៧សកបយ/អក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៩៩ របស់ក្រសួងសង្គមកិច្ច ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា។

បន្ទាប់មកចុះកសាងសហជីព និងពង្រឹកសកម្មភាពសហជីពនៅតាមវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ចម្ការកៅស៊ូ កំពង់ផែខេត្តព្រះសីហនុ និងក្លឹបកម្សាន្ត សរុបបានសហជីពឯករាជ្យកម្មករកម្ពុជាចំនួន៣៦មូលដ្ឋាន៕