(ភ្នំពេញ)៖ នៅក្នុងឱកាសចុះពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានា នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបកស្រាយថា ដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ គឺតំណាងឱ្យភាពគង់វង្ស បានន័យថា ការពារសន្តិភាពមិនឱ្យបាត់បង់ ការពារឯករាជ្យអធិបតេយ្យជាតិ របបរាជានិយម រាជបល្ល័ង្ក និងការពារអ្វីដែលមាននាពេលបច្ចុប្បន្នឱ្យបានគង់វង្សយូរអង្វែងតទៅ។

សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកដាក់ឈ្មោះដើមឈើមួយនេះថា «ដើមឈើចាំស្នេហ៍» បានពន្យល់អំពីអត្ថន័យយនៃឈ្មោះដើមឈើនេះថា «ដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ តំណាងឱ្យនិមិត្តរូបនៃការគង់វង្ស ហេតុអ្វីបានជាអ្នកទាំងអស់គ្នាបែរជាឃើញថា ពាក្យដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ បែរជាតំណាងឱ្យភាពគង់វង្ស។ អស់លោកត្រូវចាំនៅចំណុចមួយ គឺថាពាក្យថាចាំមិនដែលជួប គឺបានសេចក្តីនៅទីនេះគឺចាំរហូតតែម្តង បើជួបគ្នាហើយគេមិនហៅថាចាំទេ សិលាក៏អញ្ចឹងដុំថ្មក៏អញ្ចឹងដើមឈើក៏អញ្ចឹង ដែលហៅថាពាក្យថាចាំគឺមិនដែលជួបទេ»

សម្តេចបានបន្តថា៖ «ក្នុងចំណុចនេះ ខ្ញុំចង់សំដៅទៅលើភាពគង់វង្សជាអមតៈរបស់វា ដែលខ្ញុំចង់និយាយសំដៅច្បាស់ ទៅលើសន្តិភាពនៃប្រទេសនេះមិនត្រូវបាត់បង់ទេ មិនអាចឱ្យនរណាបំផ្លាញទេ របបរាជានិយមអាស្រ័យធម្មនុញ្ញ រាជបល្ល័ង្កមិនត្រូវបាននរណាប្រឆាំងទេ ទោះបីនរណាគំរាមកំហែងបំផ្លាញក៏ដោយ»

សម្តេចបានបន្តថា «ពាក្យថាចាំមានន័យថា មិនជួបអញ្ចឹងវាឃ្វាងរហូត ដូច្នេះអមតៈ អញ្ចឹងខ្ញុំសំដៅលើបញ្ហាទូលំទូលាយ គ្របដណ្តប់លើសន្តិភាព ស្ថិរភាពរបស់ប្រទេស ដែលមិនត្រូវឱ្យបាត់បង់ ឯករាជ្យ អធិបតេយ្យជាតិ ក៏មិនត្រូវឱ្យបាត់បង់ របបរាជានិយមអាស្រ័យធម្មនុញ្ញ ក៏មិនត្រូវឱ្យបាត់បង់ រាជបល្ល័ង្គក៏មិនត្រូវឱ្យបាត់បង់ ហើយទឹកដីរបស់យើងក៏មិនត្រូវឱ្យបាត់បង់ទេ ហ្នឹងជាទិដ្ឋភាពគ្របដណ្តប់ទៅលើស្ថានភាពរួមរបស់ប្រទេស។ ដោយឡែកស្ថានភាពនៅទីនេះក៏ដូចគ្នាដែរ ផ្លូវនេះមិនត្រូវឱ្យបាត់បង់ តំបន់នេះមិនត្រូវឱ្យបាត់បង់ទេ នៅតែជារបស់ប្រជាជនកម្ពុជាជានិច្ច ដែលគាត់មានសិទ្ធិមកលេងកំសាន្តនៅទីនេះ»

សម្តេចបានបន្ថែមទៀតថា៖ «ជាងមួយឆ្នាំមុន យើងបានដាក់ឈ្មោះនេះ តើមានមនុស្សប៉ុន្មាននាក់ទៅដែលអាចកាត់យល់ ខ្លះគេអាចយល់មិនដល់ របស់គេ គេមិនបានស្វែងយល់ហើយ គេបានបន្តុះបង្អាប់យើងទៀតថា ដាក់អីក៏ឈ្មោះអាក្រក់ចាំស្នេហ៍ សីលាចាំស្នេហ៍ដើមឈើចាំស្នេហ៍ ទៅជារឿងឯណោះ ប៉ុន្តែជម្រៅរបស់វាជ្រៅជាងសមុទ្រ នៅទីនេះ ដូច្នេះម្ចាស់អ្នកដាក់ គឺម្ចាស់អ្នកបកស្រាយអំពីបញ្ហានេះ អញ្ចឹងអ្វីដែលយើងបានធ្វើគឺទឹកដីរបស់យើងមិនត្រូវបាត់បង់ សន្តិភាពរបស់យើងមិនត្រូវបាត់បង់ទេ ឯករាជ្យ អធិបតេយ្យរបស់យើងមិនត្រូវបាត់បង់ទេ របបរាជានិយមអាស្រ័យធម្មនុញ្ញ និងរាជបល្ល័ង្ករបស់យើងមិនត្រូវបាត់បង់ទេ តំបន់នេះនៅតែជាទឹកដីកម្ពុជា នៅតែរបស់ប្រជាជនកម្ពុជា ដែលត្រូវមកលេងកំសាន្តនៅទីនេះ»