(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម ប្រកាសសម្រេចឲ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្មខារ៉ាអូខេ ក្លឹបកំសាន្ត រង្គសាល ឌីស្កូតែក និងម៉ាស្សា ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះតទៅ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានថ្ងៃនេះ។

តាមសេចក្តីសម្រេចនេះ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ម្ចាស់ទីតាំង ឬម្ចាស់អាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ចាំបាច់ត្រូវមានកាតព្វកិច្ចចាត់តាំងបុគ្គលិកប្រចាំការនៅមុខច្រកចេញ-ចូលទីតាំង ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) របស់ក្រសួងទេសចរណ៍ គោលការណ៍ណែនាំរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ វិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ គឺ ការវាស់កម្ដៅ ការធ្វើអនាម័យ និងការបាញ់ថ្នាំសម្លាប់មេរោគ ជាដើម ជាពិសេសការអនុវត្តកាតព្វកិច្ចពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព និងប្រកាន់ខ្ជាប់ នូវវិធានការ ៣ការពារ ៣កុំ ។

រដ្ឋបាលខេត្តកំពង់ចាមបានប្រគល់ភារកិច្ចដល់គណៈបញ្ជារការអនុវត្តច្បាប់ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម និងគណៈបញ្ជាការដឹកនាំអនុវត្តច្បាប់ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្រុង ស្រុកទាំង ១០ រួមជាមួយមន្ទីរទេសចរណ៍ខេត្ត មន្ទីរសុខាភិបាលរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីសហការចុះណែនាំ និងត្រួតពិនិត្យដូចមានចែងក្នុងខ្លឹមសារ នៃសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ។

«ក្នុងករណីរកឃើញម្ចាស់ទីតាំង ឬម្ចាស់អាជីវកម្មខារ៉ាអូខេ ក្លឹបកំសាន្ត រង្គសាល ឌីស្កូតែក និងម៉ាស្សា ណាមួយ មិនអនុវត្ត ឬ អនុវត្តមិនបានត្រឹមត្រូវតាមការណែនាំនេះ ត្រូវចាត់វិធានការដកហូតអាជ្ញាបណ្ណលិខិតអនុញ្ញាត និងអាចឈានទៅបិទទីតាំងទាំងស្រុង។ ដោយឡែក ចំពោ៖ បុគ្គលល្មើសពាក់ព័ន្ធ ត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះរបុគ្គលល្មើស ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានដោយគ្មានការលើកលែងឡើយ»។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ៕