(ព្រះសីហនុ)៖ ការធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ លើកទី៧ នៅខេត្តព្រះសីហនុ កម្ពុជា មានសុទិដ្ឋិនិយមថា ពលរដ្ឋកម្ពុជា និងពិភពលោកនឹងបានស្គាល់ច្បាស់បន្ថែមទៀតពីការអភិវឌ្ឍនៅខេត្តព្រះសីហនុ និងសក្តានុពលដ៏សម្បូណ៌បែបនៃខេត្តជាប់មាត់សមុទ្រមួយនេះ។

ក្នុងក្របខណ្ឌនៃការធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដំណើរ ទស្សនកិច្ចសារព័ត៌មានចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅលើទឹកដីខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយពីសមិទ្ធផលនានាដែល រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននៅខេត្តជាប់មាត់សមុទ្រមួយនេះ ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ធនធានធម្មជាតិ និងជីវៈ ចម្រុះនៅ តំបន់សមុទ្រ និងចូលរួមយកព័ត៌មាននៅក្នុងមហាសន្និបាតសមុទ្រ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១នេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច»។

រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដែលជាប៉ូលសេដ្ឋកិច្ចមួយយ៉ាងសំខាន់របស់កម្ពុជា និងភ្ជាប់កម្ពុជាទៅកាន់ពិភពលោកកាន់តែទូលាយ។ ក្នុងរយៈពេលចុងក្រោយនេះ ខេត្តព្រះសីហនុបានប្រែមុខមាត់ជាច្រើនដោយប្រែក្លាយពីខេត្តដែល ស្ងៀមស្ងាត់ទៅជាខេត្តដែលមានសកម្មភាពមមាញឹក និងរស់រវើកលើវិស័យទេសចរណ៍ សេដ្ឋកិច្ច និងឧស្សាហកម្ម។

លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យកម្ពុជា មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំ និងការដឹកនាំមហាសន្និបាតអន្តរជាតិ និងបានឃើញពីវឌ្ឍនភាព ព្រមទាំងសមិទ្ធផលនៃការអភិវឌ្ឍនិងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា បង្ហាញពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ជាពិសេសខេត្តព្រះសីហនុដែល រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

លោកបានគូសបញ្ជាក់ថា ៖ «ក្នុងរយៈពេលចុងក្រោយនេះ ខេត្តព្រះសីហនុ បានប្រែមុខមាត់ជាច្រើនដោយប្រែក្លាយពីខេត្តដែលស្ងៀមស្ងាត់ទៅជាខេត្តដែលមានសកម្មភាពមមាញឹក និងរស់រវើកលើវិស័យទេសចរណ៍ សេដ្ឋកិច្ច និងឧស្សាហកម្ម»

បើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា សម្រាប់បច្ចុប្បបន្ននេះ ខេត្តព្រះសីហនុ មានសន្តិសុខ សណ្តាប់រៀបរយយ៉ាងល្អប្រសើរ រដ្ឋបាលខេត្តបានគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់បានសមស្រប យើងក៏បានចូលរួមធ្វើការកែលម្អនូវការគ្រប់គ្រងទឹកសំអុយ កាកសំណល់នានា នៅតាមបណ្តោយឆ្នេរសមុទ្រ។

បន្ថែមពីនេះ ក្នុងនាមរដ្ឋបាលខេត្តលោកបានបង្ហាញពីមោទនភាពដែលរដ្ឋាភិបាលបានជ្រើសរើសខេត្តព្រះសីហនុ សម្រាប់ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសមុទ្រ អាស៊ីបូព៌ា ឆ្នាំ២០២១ ខណៈរដ្ឋបាលខេត្តបានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។