(ភ្នំពេញ)៖ រយៈពេល១០ ខែឆ្នាំ២០២១នេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានរកឃើញ និងកម្ទេចគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ចំនួន៦៩ ៩០៤គ្រាប់ ដោយរំដោះផ្ទៃដីរងផលប៉ះពាល់ចំនួន ៨៣ ៤៤៦ ៣៥២ ម៉ែត្រក្រឡា។ នេះការបញ្ជាក់របស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៉ីម៉ាក់ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលស៉ីម៉ាក់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ហេង រតនា បញ្ជាក់ថា ជារួមលទ្ធផលការងារគ្រប់មុខព្រួញរបស់អង្គភាព CMAC សម្រាប់រយៈពេល១០ខែ (មករា-តុលា) ឆ្នាំ២០២១កន្លងមកនេះ បានទទួលលទ្ធផលប្រកបដោយជោគជ័យគួរឲ្យកត់សម្គាល់ បើទោះជាស្ថិតក្នុងបរិបទសកលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក៏ដោយ។

លោកបន្តថា លទ្ធផលកិច្ចប្រតិបត្តិការក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ បានធ្វើការរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមសរុបចំនួន ៨៣ ៤៤៦ ៣៥២ ម៉ែត្រក្រឡា ស្មើនឹង៨៨.១៣% នៃផែនការរយៈពេល១០ខែ (មករា-តុលា) ឆ្នាំ២០២១ ឬស្មើនឹង៧៣.៤៤% នៃផែនការប្រចាំឆ្នាំ។ លទ្ធផលដែលទទួលបានទាបជាងផែនការមួយផ្នែក ដោយសារការចល័តក្រុមពហុជំនាញ ដែលមានស្រាប់ពីការបោសសម្អាតទៅធ្វើការស្រាវជ្រាវចម្ការមីន/គ្រាប់វិញ ហើយលទ្ធផលស្រាវជ្រាវកំណត់ចម្ការមីន/គ្រាប់ថ្មីសម្រេចបាន ៥១៤ទីតាំងស្មើនឹង ៨០ ៦៥០ ៨៣៩ ម៉ែត្រក្រឡា។

លោកបន្តថា ចំពោះកិច្ចប្រតិបត្តិការនេះរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សរុប ចំនួន៦៩ ៩០៤ គ្រាប់ ព្រមទាំងមានប្រជាពលរដ្ឋ ទទួលផលដោយផ្ទាល់ និងដោយប្រយោលសរុបចំនួន ៣៦ ៦២៧គ្រួសារ។ ក្នុងរយៈពេលដូចគ្នាការងារផ្សព្វផ្សាយក៏បានធ្វើការ អប់រំយល់ដឹងពីគ្រោះថ្នាក់ដោយ សារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅបានចំនួន ១៤ ៥៣៨ លើកស្មើនឹង ៤៨០ ៨០៦ ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន៧៨៦ ៩២៤នាក់។

លោកបន្ថែមថា សំរាប់ពង្រាងផែនការឆ្នាំ២០២២ខាងមុខនេះ មានផែនការរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមចំនួនប្រមាណ ១២៥គីឡូម៉ែត្រក្រឡា និងបន្តពង្រឹងសមត្ថភាពជាតិ ក្នុងការដោះស្រាយវិបត្តិសំណល់គ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល អនុលោមតាមផែនការជាតិ និងការប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិ ស្តីពីសំរេចឱ្យបានអនុសញ្ញាអន្តរជាតិអូតាវ៉ា ត្រឹមចុងឆ្នាំ២០២៥៕