(សៀមរាប)៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យមើលព្រៃលិចទឹក និងកន្លែងជនខិលខូចបានកាប់ទន្រ្ទានព្រៃលិចទឹក ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន នៅក្នុងភូមិសាស្រ្ត ក្រុងសៀមរាប ខេត្តសៀមរាប ។

លោក ទៀ សីហា បានឲ្យដឹងថា នៅក្នុងខេត្តសៀមរាប មានក្រុង/ស្រុកចំនួន០៦ ដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប មានស្រុកក្រឡាញ់ ស្រុកពួក ក្រុងសៀមរាប ស្រុកប្រាសាទបាគង, ស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលមានផ្ទៃដីជាង១២៦ពាន់ហិកតា

លោកអភិបាលខេត្តបន្ថែមថា ក្នុងភូមិសាស្រ្តក្រុងសៀមរាប មានព្រៃលិចទឹកដែលជនខិលខូចបានកាប់ទន្ទ្រាន ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ១០០ហិកតា ហេីយជនសង្ស័យចំនួន៤៧នាក់ ត្រូវបានអាជ្ញាធរកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។ ចំពោះនៅក្នុងភូមិសាស្រ្តស្រុកផ្សេងៗទៀត ក្រុមការងារកំពុងតែចុះពិនិត្យមើលជាក់ស្តែង ។

លោកអភិបាលខេត្តយល់ថា ព្រៃលិចទឹកមានសារៈសំខាន់ណាស់សម្រាប់ជម្រកត្រីពងកូន និងជីវៈចម្រុះ នៅក្នុងបឹងទន្លេសាប បើសិនជាបាត់បង់ព្រៃលិចទឹក និងធ្វើឲ្យប៉ះពាល់យ៉ាងច្រើនដល់ជីវៈចម្រុះ ជាពិសេសទិន្នផល ត្រី និងមានការថយចុះជារៀងរាល់ឆ្នាំ ។

លោក ទៀ សីហា ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានផ្តល់ឱកាសឲ្យអាជ្ញាធរ បញ្ចប់ការកាប់ទន្រ្តាន ព្រៃលិចទឹកបន្តទៀត នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ព្រោះព្រៃលិចទឹកមិនត្រឹមជាប្រយោជន៍សម្រាប់ប្រព័ន្ធជីវៈចម្រុះក្នុងទឹកប៉ុណ្ណោះទេ តែសម្រាប់ភ្ញៀវទេសចរផងដែរបន្ទាប់ពីដំណើរដើរទស្សនានៅតាមប្រាង្គប្រាសាទ និងរមណីយដ្ឋានធម្មជាតិក្នុងខេត្ត ភ្ញៀវទេសចរបានបន្តមកទស្សនាកម្សាន្តនៅតំបន់បឹងទន្លេសាប ដើម្បីទស្សនាផ្ទះបណ្ដែតទឹក ព្រៃលិចទឹក និងសត្វស្លាបជាដើម៕