(បាត់ដំបង)៖ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានសហការជាមួយសាកលវិទ្យាល័យអៃអូនីណា នៃប្រទេសក្រិក បានរៀបចំកម្មវិធីទិវាព័ត៌មាន (INFODAY) មានតាមបណ្តាញអនឡាញ ក្នុងគម្រោងបណ្តុះបណ្តាលគ្រូបង្រៀនឯកទេសបំណិនជីវិត និងបច្ចេកវិទ្យា ឬជំនាញបង្រៀន សតវត្សទី២១។

ទិវាព័ត៌មាននេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងគោលបំណងផ្សព្វផ្សាយពីវឌ្ឍនភាពនៃគម្រោង និងចែករំលែក ឧត្តមានុភាព ព្រមទាំងបទ ពិសោធន៍ទាក់ទងនឹងការរៀបចំកម្មវិធីសិក្សា និងគរុកោសល្យ បង្រៀន នៅក្នុងសតវត្សទី២១។ កម្មវិធីនេះមានថ្នាក់ដឹកនាំ សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតមកពី សាកលវិទ្យាល័យដៃគូនានាបានចូលរួមចំនួន១៧៥នាក់។

គម្រោងជំនាញបង្រៀនសតវត្សទី២១នេះ មានគោលបំណងសំខាន់ៗចំនួន៦រួមមាន៖

* កែលម្អគុណភាពឧត្តមសិក្សា និងការរៀនសូត្រពេញមួយជីវិត
* លើកកម្ពស់ការអប់រំដែលជាប់ពាក់ព័ន្ធសម្រាប់ទីផ្សារការងារ
* កែលម្អកម្រិតសមត្ថភាព និងជំនាញនៅគ្រឹះស្ថានឧត្តមសិក្សា
* លើកកម្ពស់សមត្ថភាពនវានុវត្តន៍ និងអន្តរជាតូបនីយកម្មនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា
* ជំរុញកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យអឺរ៉ុបដើម្បីអភិវឌ្ឍន៍កម្មវិធីសិក្សាក្នុងវិស័យសិក្សាអំពីការអប់រំក្នុងប្រព័ន្ធឧត្តមសិក្សា
* លើកស្ទួយទំនាក់ទំនងអន្តរបុគ្គល និងការយល់ដឹងពីអន្តរវប្បធម៌

សូមបញ្ជាក់ថា គម្រោងនេះជាផ្នែកមួយនៃគម្រោងសហប្រតិបត្តិការដើម្បីនវានុវត្តន៍ និងការផ្លាស់ប្តូរឧត្តមានុវត្តន៍នៃការកសាងសមត្ថភាពនៅក្នុងវិស័យឧត្តមសិក្សា ដោយបានទទួលការការគាំទ្រហិរញ្ញវត្ថុ ដោយសហគមន៍អ៊ឺរ៉ុប ដែលមានដៃគូចំនួន៦ប្រទេសរួមមានប្រទេសក្រិក (សាកលវិទ្យាល័យអៃអូនីណា) ប្រទេសលីទុយអានី (សាកលវិទ្យាល័យក្លៃប៉េដា) ប្រទេសលុចសំបួរ (ក្រុមហ៊ុនណូវិនគ្រុប) ប្រទេសកម្ពុជា (សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ) ប្រទេសចិន (សាកលវិទ្យាល័យសៅវិស និងសាកលវិទ្យាល័យសិនហ្សិន) និងប្រទេសឥណ្ឌា(សាកលវិទ្យាល័យអន្តរជាតិស៊ីមប៊ីស៊ីស និងសាកលវិទ្យាល័យបាណាសថាលីវិទ្យាពិត)៕