(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានទទួលការចូលជួបសម្ដែងការគួរសមពី លោក Jacques PELLET ឯកអគ្គរដ្ឋទូតថ្មីបារាំងប្រចាំនៅកម្ពុជា និង លោក NGUYEN Huy Tang ឯកអគ្គរដ្ឋទូតថ្មីវៀតណាមប្រចាំកម្ពុជា។

តាមរយៈបណ្តាញសង្គមហ្វេសបុក លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បារាំង និងវៀតណាមមានប្រវត្តិដ៏យូរលង់ និងសម្បូរបែបជាមួយកម្ពុជា។ លោកក៏បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកអគ្គរដ្ឋទូតទាំងពីរ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសរបស់យើងកាន់តែរីកចម្រើន៕