(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា វប្បធម៌ខ្មែរទាំងរូបី និងអរូបី ត្រូវបានបបញ្ចូលទៅក្នុងបេតិកភណ្ឌបានច្រើនណាស់ ដែលធ្វើឲ្យកម្ពុជាយើងមានមុខមានមាត់កាន់តែល្បីលើឆាកអន្តរជាតិ និងថ្កុំថ្កើនឡើង ទាំងនេះកើតចេញពីការដឹកនាំ និងការពារយ៉ាងរឹងមាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិបាលខេត្ត បានថ្លែងយ៉ាងដូច្នេះ នៅឱកាសអញ្ជើញជាធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវត្តស្វាយអណ្ដែត ក្នុងស្រុកល្វាឯម ខេត្តកណ្តាល។

កម្មវិធីនេះក៏មានការចូលរួមពីលោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានបចេ្ចកទេសវប្បធម៌ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រះសង្ឃ មន្ទីរអង្គភាពជុំវិញខេត្ដ អាជ្ញាធរស្រុកល្វាឯម និងប្រជាពលរដ្ឋជាច្រើននាក់។

លោកអភិបាលខេត្ត បានថ្លែងថា «ពួកយើងត្រូវរួមគ្នាថែរក្សាការពារសិល្ប:វប្បធម៌របស់យើងឲ្យបានគង់វង្ស និងពង្រីកឲ្យសុះសាយដល់សហគមន៍យើងឲ្យបានទូលំទូលាយ ហើយអ្នកដែលថែរក្សា ការពារ និងពង្រាយវប្បធម៌យើងឲ្យ សុះសាយ លើឆាកអន្តរជាតិមុនគេ គឺសម្ដេចតេជោនាយករដ្ឋមន្ត្រីរបស់យើងនេះហើយ»

លោកអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមសហការគ្ន ដើម្បីអភិរក្ស និងអភិវឌ្ឍល្ខោនខោលវត្តស្វាយអណ្ដែតឱ្យបានឋិតថេរគង់វង្សតរៀងទៅ ដើម្បីទុកជាអត្តសញ្ញាណ និងកិត្យានុភាពជាតិ ហើយត្រូវចងចាំថា «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាតិ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»

លោកអភិបាលខេត្ត បានបន្តទៀតថា «បុព្វបុរសដូនតារបស់យើង បានខិតខំប្រឹងប្រែង ថែរក្សា និងការពារ នៅគ្រប់សម័យកាលទាំងអស់ ដើម្បីឱ្យកូនខ្មែរស្គាល់អំពីតម្លៃរបស់ខ្លួន និងបានផ្សព្វផ្សាយអំពីកេរ្តិ៍តំណែល ព្រលឹងជាតិ អត្តសញ្ញាណជាតិ ទៅដល់ឆាកអន្តរជាតិ ដូចពាក្យស្លោកមួយពោលថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន»។ ហើយក្នុងនាមយើងទាំងអស់គ្នា ជាកុលបុត្រ កុលធីតា របស់ដូនតាខ្មែរត្រូវតែរួបរួមសាមគ្គីគ្នា ខិតខំការពារឱ្យបាននូវសម្បត្តិវប្បធម៌ជាតិ ព្រោះជាព្រលឹងរបស់ជាតិ ដែលអាចបង្ហាញឱ្យពិភពលោក បានស្គាល់ពីអត្តសញ្ញាណអរិយធម៌របស់ខ្មែរ អំពីទឹកដីដ៏បវរ ដែលជាទឹកដី សម្បូរទៅដោយជីជាតិ ផល្លានុផល និងដំណាំហូបផ្លែ គ្រប់ប្រភេទ ប្រកបដោយសុខសន្តិភាព ឯករាជ្យជាតិ អធិបតេយ្យជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»

ក្នុងឱកាសនេះដែរ លោក កន សុកាយ អភិបាលស្រុកល្វាឯម បានឱ្យដឹងថា ល្ខោនខោលនៅក្នុងសហគមន៍វត្តស្វាយអណ្ដែត មានការបណ្តុះបណ្តាល បន្តពីជំនាន់មួយទៅជំនាន់មួយ គឺជីតាបង្ហាត់ចៅ ឪពុកបង្ហាត់កូន បងបង្ហាត់ប្អូន ជាបន្តបន្ទាប់ជាច្រើនតំណរមនុស្ស។ ម៉្យាងទៀត ការសម្តែងជាប្រពៃណីរៀងរាល់ឆ្នាំ មិនមែនសម្រាប់រកកម្រៃទេ ពោលគឺល្ខោនខោលមួយនេះ ឋិតថេរនៅជាប់ជាមួយជំនឿយ៉ាងមុតមាំរបស់អ្នកស្រុក ដើម្បីបួងសួងសុំសេចក្តីសុខ ចម្រុងចម្រើន បញ្ចៀសឧបទ្រពចង្រៃ ក៏ដូចជាការបន់ស្រន់សុំទឹកភ្លៀងគ្រប់គ្រាន់ សម្រាប់បង្កបង្កើនផល និងទទួលបានភោគផលបរិបូរណ៍សម្រាប់រដូវដាំដុះរបស់បងប្អូននៅក្នុងតំបន់នេះ។

សូមបញ្ជាក់ថា កម្ពុជាមានសម្បត្តិវប្បធម៌ ដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌរូបី និងអរូបី របស់អង្គការយូណេស្កូ ពិភពលោករួមមាន៖ ប្រាសាទអង្គរវត្ត, របាំព្រះរាជទ្រព្យ, ល្ខោនស្រមោលស្បែកធំ, សារៈមន្ទីរ ឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ទួលស្លែង, ឯកសារសំឡេងនិទានរឿងរាមកេរ្តិ៍ដោយតាគ្រុឌ, ប្រាសាទព្រះវិហារ, ល្បែងទាញព្រ័ត្រ, ចាប៉ីដងវែង, ប្រាសាទសំបូរព្រៃគុក និងល្ខោនខោលវត្តស្វាយអណ្ដែត៕