(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួម ជាគណៈអធិបតីជាមួយ លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ថ្លែងសុន្ទរកថា ក្នុងពិធីបើកសិក្ខាសាលាស្តីពីហិរញ្ញប្បទានបែបថ្មីសម្រាប់វិស័យសកម្មភាពមីនអង់គ្លេស-កម្ពុជា ដែលបានរៀបចំឡើងដោយស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា នៅសណ្ឋាគារ Hotel Raffles Le Royal។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ក្រោមការដឹកនាំរបស់លោកស្រី Tina Redshaw ឯកអគ្គរាជទូត ដែលបានរៀបចំ ឲ្យមានសិក្ខាសាលានេះឡើង ហើយលោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោកស្រីអគ្គរាជទូត ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំងពីរ ក៏ដូចជាការតាំង ចិត្តយ៉ាងមុតមាំ និងការខិតខំប្រឹងប្រែងមិនចេះនឿយហត់ក្នុងការបន្តជួយគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១០ ចក្រភពអង់គ្លេសបានផ្តល់ជំនួយមនុស្សធម៌នូវទឹកប្រាក់ប្រមាណជាង ២៤ លានដុល្លារអាមេរិក ជូនអង្គការ HALO Trust, MAG និងអង្គការ NPA សម្រាប់ប្រើប្រាស់ក្នុងកិច្ច ប្រតិបត្តិការបោសសម្អាតមីន ការកសាងសមត្ថភាព ការពង្រឹងបទប្បញ្ញត្តិ ការត្រួតពិនិត្យ ការសម្របសម្រួលវិស័យមីន ការរៀបចំផែនការសកម្មភាពមីន និងការត្រួតពិនិត្យការប្រើប្រាស់ដីក្រោយបោសសម្អាតមីនរួច។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលសម្រេចបានរបស់កម្ពុជាសម្រាប់វិស័យសកម្មភាពមីន ក្រោមកិច្ចសហការរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ព័ន្ធដទៃទៀត ចាប់តាំងពីការបោសសម្អាតមីនមនុស្សធម៌បានចាប់ផ្តើមនៅឆ្នាំ១៩៩២ ព្រមទាំងបានរំដោះផ្ទៃដីមានមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមបានប្រមាណ ២.២៨៧ គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលប្រយោជន៍ប្រមាណជាង ៧,៣ លាននាក់។

លោកបន្តទៀតថា «ការបោសសម្អាតមីនមិនត្រឹមតែបានជួយសង្គ្រោះជីវិតមនុស្ស និងការពារពិការភាពប៉ុណ្ណោះទេ ថែមទាំងបានប្រែក្លាយដីដែលមានការគំរាម ឲ្យទៅជាដីដែលអាចប្រើប្រាស់បានសម្រាប់កសិកម្ម លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច»។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា សមិទ្ធិផលដ៏អស្ចារ្យនេះ ប្រសិនបើគ្មានការគាំទ្រនិងរួមចំណែកប្រកបដោយទឹកចិត្តសប្បុរសពីប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ទេនោះ កម្ពុជានឹងមិនអាចទទួលបានជោគជ័យក្នុងការខិតខំនេះឡើយ រួមមាន សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន ចក្រភពអង់គ្លេស អាល្លឺម៉ង់ ចិន ស្វីស ន័រវេស កូរ៉េខាងត្បូង កាណាដា នូវែលសេឡង់ អៀរឡង់ បែលហ្សិក ដាណឺម៉ាក សហភាពអឺរ៉ុប បារាំង ហុងគ្រី អេស្ប៉ាញ ហូឡង់ ស៊ុយអែត និងអង្គការសហប្រជាជាតិ។

លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា សម្តេចតេជោ នាយករដ្ឋមន្រ្តី បានយល់យ៉ាងច្បាស់អំពីផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ព្រមទាំងបានដាក់បញ្ហាមីនជាការងារ អាទិភាពមួយយ៉ាងសំខាន់ ក្នុងការដោះស្រាយ ដោយបានដាក់បញ្ចូលក្នុង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងជាគោលដៅទី១៨នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ២០១៦-២០៣០។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរមីនជាសេនាធិការ បានអនុវត្តន៍នូវក្របខណ្ឌគន្លឹះជាច្រើន ក្នុងនោះបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ដែលមានចក្ខុវិស័យឆ្ពោះទៅរក «កម្ពុជាគ្មានមីនឆ្នាំ២០២៥» និងត្រូវការទឹកប្រាក់ប្រមាណ ២២៥លានដុល្លារបន្ថែមទៀត ដើម្បីធ្វើការបោសសម្អាតផ្ទៃដីមានមីនដែលបានស្គាល់អោយអស់ពីកម្ពុជា។

លោកទេសរដ្ឋមន្រ្តី មានជំនឿជឿជាក់ថា ការអនុវត្តនូវវិធីសាស្រ្តនៃការផ្តល់ហិរញ្ញប្បទានបែបថ្មីសម្រាប់វិស័យសកម្មភាពមីន ក្នុងកិច្ចប្រត្តិបត្តិការ និងការកៀរគរធនធាន នឹងអាចជួយឲ្យកម្ពុជាសម្រេចបាននូវគោលដៅរបស់ខ្លួន ជាមួយនឹងការចំណាយទាបសម្រាប់ការងារបោសសម្អាតមីន៕