(ភ្នំពេញ)៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក មីកាមិ ម៉ាសាហីរ៉ូ និងលោក នួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានី នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះទៅទស្សនកិច្ច នៅស្ថានីយ៍ចំណតរថយន្តក្រុង និងធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ក្នុងគោលបំណង លើកកំពស់ការជិះរថយន្តក្រុង តាមរយៈការផ្សព្វផ្សាយវីដេអូខ្លី PR ដែលបង្កើតឡើងដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ដោយសារជំងឺរាតត្បាតកូវីដ១៩ ការចុះទស្សនកិច្ចនៅស្ថានីយ៍ចំណតរថយន្តក្រុង នៅរាជធានីភ្នំពេញ និងការធ្វើដំណើរតាមរថយន្តក្រុង ពីចំណតវិទ្យាល័យព្រះស៊ីសុវត្ថិ ដល់ចំណតរងចាំរថយន្តក្រុងមុខវត្តថាន់ ឯកអគ្គរាជទូតជប៉ុន និងលោក នួនផា រត្ន័ មិនបានរៀបចំកម្មវិធីណាមួយ ឬថ្លែងសន្ទរកថាអ្វីនោះទេ។

ចំពោះអ្នកដែលបានចូលរួម ក្នុងដំណើរទស្សនកិច្ច តាមរថយន្តក្រុងនេះ គឺមន្ត្រីមកពីស្ថានទូតជប៉ុន មន្ត្រីសាលារាជធានីភ្នំពេញ និងរដ្ឋាករស្វយ័តដឹកជញ្ជូនរថយន្តក្រុង ត្រូវបានកំណត់ ដើម្បីចៀសវាងហានីភ័យ នៃការឆ្លងជំងឺកូវីដ១៩។

នាឱកាសនោះ ក៏មានការធ្វើបទបង្ហាញស្តីពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ម៉ូតូអគ្គីសនី e.bike ភ្ជាប់ជាមួយសេវារថយន្តក្រុងផងដែរ។ សេវាដឹកជញ្ជូនសាធារ ណៈរថយន្តក្រុង City Bus នៅរាជធានីភ្នំពេញ បានចាប់ដំណើរការឡើងវិញហើយ ក្រោយពីផ្អាកសកម្មភាពមួយរយៈ ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

លោក នួន ផារ័ត្ន បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ មានការតាំងចិត្តខ្ពស់ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូនសាធារណៈ ក្នុងទីក្រុងឱ្យមានភាពរីកចម្រើនបន្ថែមទៀត ជាពិសេសការរៀបចំឱ្យមាននូវចំណតរង់ចាំរថយន្តក្រុងឆ្លាតវៃ ក៏ដូចជាអភិវឌ្ឍបន្ថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីយើង។

ពេលនេះសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានបើកដំណើរការឡើងវិញ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាស បើកប្រទេសលើគ្រប់វិស័យជាបន្តបន្ទាប់ ដោយត្រូវប្រកាន់ខ្ជាប់ វិធានការរបស់ក្រសួងសុខាភិបាល បើទោះបីជាជំងឺនេះ បានថយចុះករណីឆ្លងថ្មី នៅរាជធានីភ្នំពេញ តែនៅមិនទាន់អស់នៅឡើយព្រមទាំងមានការបំប្លែងមេរោគថ្មីមកបន្ថែមទៀត។

ចំពោះការជ្រើសរើសយកសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង បងប្អូនប្រជាពលរដ្ឋ ពិតជាទទួលបានអត្ថប្រយោជន៍ច្រើន ទាំងសុវត្ថិភាព ផាសុខភាព កាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយផ្សែងពុល លើកកំពស់បរិស្ថាន ក្នុងទីក្រុង និងមានតំលៃធូរ សំរាប់ការធ្វើជាទូទៅទៀតផង៕