(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគាំទ្រចំពោះអង្គការហេឡែនខេលល័រ ដែលនឹងត្រូវអនុវត្តសាកល្បងលើគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនៅតាមបណ្តារោងចក្រមួយចំនួន ដោយលោកបានស្នើឲ្យមានការរៀបចំជាអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ ជាមួយអង្គការ ដើម្បីធ្វើឲ្យគម្រោងនេះអនុវត្តទៅទទួលបានប្រសិទ្ធភាព និងជោគជ័យរួម។

ការគាំទ្របែបនេះរបស់លោករដ្ឋមន្ត្រីធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី Gwyneth Cotes នាយិកាប្រចាំប្រទេសកម្ពុជានៃអង្គការហេឡែនខេលល័រអន្តរជាតិ ចូលជួបសម្តែងការគួរសមនៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីស្នើសុំកិច្ចសហការពីក្រសួងការងារ លើការសាកល្បងគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនៅតាមបណ្តារោងចក្រមួយចំនួន។

នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះអង្គការហេឡែនខេលល័រ ដែលបានបានចាប់ផ្តើមធ្វើសកម្មភាពរបស់ខ្លួនតាំងពីឆ្នាំ១៩៩២មកម្ល៉េះ ពិតជាបានរួមចំណែកច្រើនក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកអង្គការក្រៅរដ្ឋាភិបាលជាដៃគូសង្គមមួយដែលមិនអាចខ្វះបាន ដែលភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលនេះ ពិតជាជួយជំរុញបន្ថែមដល់និរន្តភាពសកម្មភាពរបស់អង្គការតទៅមុខទៀត។

លោកក៏បានលើកឡើងពីវិបត្តិកូវីដ-១៩ ដែលធ្វើឲ្យមានការរាំងស្ទះដល់គ្រប់វិស័យ ជាពិសេសសម្រាប់វិស័យការងារជាវិស័យមួយជួបនូវការលំបាកផងដែរ ធ្វើឲ្យកម្មករនិយោជិតបាត់បង់ការងារ និងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព ដែលទាមទារឲ្យរាជរដ្ឋាភិបាលខិតខំដោះស្រាយតាមរយៈវិធានការឧបត្ថម្ភជាកញ្ចប់ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានជ្រើសរើសយុទ្ធសាស្ត្រចាក់វ៉ាក់សាំងជាគន្លឹះ ធ្វើឲ្យប្រជាពលរដ្ឋមានភាពស៊ាំមនៅក្នុងសហគមន៍ ហើយអាចបើកដំណើរការប្រទេសឡើងវិញ។

លោកស្រី Gwyneth Cotes បានជម្រាបជូនលោករដ្ឋមន្ត្រីថា អង្គការហេឡែនខេលល័រ ជាអង្គការមនុស្សធ៌មមិនមែនរដ្ឋាភិបាល ដែលបានកំពុងអនុវត្តកម្មវិធីលើកកម្ពស់សុខភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងផែនការ ក្រសួងអប់រំយុវជន និងកីឡា និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

បច្ចុប្បន្ននេះ អង្គការហេឡែនខេលល័រកំពុងរៀបចំដំណើរការសាកល្បងគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភស្ត្រី និងកុមារនៅតាមបណ្តារោងចក្រមួយចំនួន តាមរយៈការគាំទ្រថវិការបស់គម្រោង GIZ-MUSEFO ដើម្បីរួមចំណែកលើកកម្ពស់សុខភាព ផលិតភាព និងសេដ្ឋកិច្ចកម្ពុជា។

កម្មវិធីនេះនឹងផ្តោតលើការអប់រំដល់បុគ្គលិក កម្មករ-កម្មការនីអំពីសារៈសំខាន់នៃសុខភាព និងអាហារូបត្ថម្ភ ដូចជា សារៈសំខាន់នៃអាហារូបត្ថម្ភក្នុងការលើកកម្ពស់សុខភាព និងការពារជំងឺផ្សេងៗអត្ថប្រយោជន៍ការបរិភោគអាហារចម្រុះ ដែលមានសារជាតិចិញ្ចឹមខ្ពស់ដើម្បីសុខភាព និងថាមពលមាំមួន ការថែទាំសុខភាពពេលលម្ហែមាតុភាព និងក្រោយសម្រាលកូន ការអប់រំស្តីពីការចិញ្ចឹមទារក និងកុមារតូចក្នុងកំឡុងពេលធ្វើការដើម្បីឲ្យកូនរបស់ពួកគេមានសុខភាពល្អ និងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាពខ្ពស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត។

លោករដ្ឋមន្ត្រីលើកឡើងពីការយកចិត្តទុកដាក់គិតគូដល់បងប្អូនកម្មករនិយោជិតពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលកន្លងមកសម្តេចតេជោនាយករដ្ឋមន្ត្រី បានចុះទៅឃើញស្ថានភាពបែបនេះតាមបណ្តារោងចក្រ ហើយសម្តេចតេជោបានផ្តល់អនុសាសន៍ឲ្យមានការរៀបចំនៅកន្លែងធ្វើការ ត្រូវមានអាហារដ្ឋាន កន្លែងបំបៅដោះកូនជាដើម។ មួយវិញទៀត ចំពោះគម្រោងនេះក៏ជាការផ្ញើសារមួយទៅកាន់ទីផ្សារបញ្ជាទិញអន្តរជាតិធំៗផងដែរអំពីកិច្ចគាំពារ លក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងនេះគឺធ្វើនៅតាមរោងចក្រមិនមែនអនុវត្តនៅតាមសហគមន៍ទេ ដូច្នេះនៅទីតាំងរោងចក្រ គឺជាទីកន្លែងអាជីវកម្មមួយដែលមានការគ្រប់គ្រងពីនិយោជក មានម៉ោងធ្វើការច្បាស់លាស់ ត្រូវប្រាកដថាមានទំនាក់ទំនងវិជ្ជាជីវៈល្អជាមួយអ្នកពាក់ព័ន្ធ។ លោកស្នើឲ្យមានកិច្ចសហការផ្លូវការ ដោយមានអនុស្សរណៈរវាងអង្គការជាមួយក្រសួង ដើម្បីមានសកម្មភាពសម្រាប់យកទៅអនុវត្ត និងមានគោលដៅច្បាស់លាស់ ទទួលបាននូវលទ្ធផលគាប់ប្រសើរថែមទៀត។

លោកស្រីនាយិកាបានថ្លែងអរគុណចំពោះលោករដ្ឋមន្ត្រី ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការដែលឈានឲ្យមានការចុះកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការអនុវត្តគម្រោងនេះ ហើយរំពឹងថាគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនៅតាមបណ្តារោងចក្រនេះនឹងទទួលបានលទ្ធផលជោគជ័យ៕