(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយ ភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីធ្វើការផ្សព្វផ្សាយអំពីលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ការបញ្ជូនលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមក គ.ជ.ប បណ្តឹងទាក់ទងទៅនឹងការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោតដំបូង។

កិច្ចប្រជុំ បានធ្វើឡើងក្រោមអធិបតីភាពលោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប។ នៅក្នុងកិច្ចប្រជុំនោះ លោក ហ៊ែល សារ៉ាត់ បានថ្លែងថ ថ្ងៃទី៣០ ខែវិច្ឆិកានេះ ជាថ្ងៃចុងក្រោយនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ទូទាំងប្រទេស។

បន្ទាប់ពីបញ្ចប់ការងារចុះឈ្មោះ បោះឆ្នោតនៅតាមឃុំ សង្កាត់ គ.ជ.ប ត្រូវអនុវត្តការងាររបស់ខ្លួនជាបន្តទៀតរួមមាន ៖

* បូកសរុបលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស
* ដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធ (ប្រសិនបើមាន)
* ពិនិត្យ និងសម្រេចដោយ គ.ជ.ប លើលទ្ធផល និងទិន្នន័យរបស់អ្នកចុះឈ្មោះ ដើម្បីរៀបចំជាបញ្ជីបោះឆ្នោតដំបូង និងបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។

លោក ហ៊ែល សារ៉ាត់ បន្តថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ទូទាំងប្រទេស ក្នុងរយៈពេល ៤៩ថ្ងៃ ទទួលបានលទ្ធផលដូចខាងក្រោម ៖

* ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មីសរុប មានចំនួន ៤៤២,៤៤០នាក់
* អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ២១៥,២៧៥នាក់
* អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ១៨៤,០៨១នាក់
* អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ១៤៤,១២៦នាក់

លោកបានបន្តទៀតថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមប្រឹក្សាឃុំ សង្កាត់ និង គ.ជ.ប ពុំបានទទួលពាក្យបណ្តឹងណាមួយពាក់ព័ន្ធទៅនឹងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតនោះទេ។

ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានចំណាប់អារម្មណ៍ វាយតម្លៃដំណើរការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំនេះថា ជាការងារមួយដែលបានប្រព្រឹត្តទៅ ដោយរលូនល្អ ហើយសូមសរសើរអំពីបច្ចេកទេសចុះឈ្មោះបោះឆ្នោតដែល គ.ជ.ប បានរៀបចំឡើង។

ទន្ទឹមនឹងនេះក៏មានសំណួរមួយចំនួនផងដែរ ដែលត្រូវបាន គ.ជ.ប ឆ្លើយបំភ្លឺដូចតទៅ ៖

* ការពន្យាពេលចុះឈ្មោះបោះឆ្នោត ប្រសិនបើមានសំណើពីអាជ្ញាធរ នោះ គ.ជ.ប នឹង ពិនិត្យមើលលទ្ធភាព ប៉ុន្តែមកដល់ពេលនេះ គ.ជ.ប មិនទាន់បានទទួលសំណើណាមួយជាលាយលក្ខណ៍អក្សរពីអាជ្ញាធរទេ ។

* តួលេខនៃការចុះឈ្មោះបោះឆ្នោតឆ្នាំនេះ បានច្រើនជាងឆ្នាំ២០២០ ដែលមានអ្នកចុះឈ្មោះ បោះឆ្នោតតែជាង ២០ម៉ឺននាក់ ។ រីឯឆ្នាំ២០២១នេះ អ្នកចុះឈ្មោះបោះឆ្នោតមានជាង ៤៤ម៉ឺននាក់ ។ ប្រសិនបើគិតតួលេខទាំងមូល ដែលក្រុមចុះឈ្មោះបោះឆ្នោតបានធ្វើការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ មានចំនួនជាង ៩៨ម៉ឺននាក់ ដែលរួមទាំងអ្នកចុះឈ្មោះបោះឆ្នោត អ្នកកែតម្រូវទិន្នន័យ អ្នកផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី និងអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ។

* ទោះបីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានបញ្ហា ប្រឈមជាមួយជំងឺកូវីដ-១៩ ទឹកជំនន់ និងសម្ភារចុះឈ្មោះបោះឆ្នោតចាស់ទ្រុឌទ្រោមក្តី គ.ជ.ប បានមានវិធានការការពារជំងឺកូវីដ-១៩ ដែលចំនួនមន្រ្តីចុះឈ្មោះបានឆ្លងមាន ប្រមាណ ០,១% ប៉ុណ្ណោះ ហើយ គ.ជ.ប បានដោះស្រាយមិនឱ្យរាំងស្ទះការងារឡើយ ដោយដាក់មន្រ្តីចុះឈ្មោះបោះឆ្នោតជំនួស និងផ្លាស់ប្តូរសម្ភារខូចខាតទាន់ពេលវេលា។

* ឆ្លងតាមបទពិសោធន៍ឆ្នាំនេះ សម្រាប់ឆ្នាំ២០២២ខាងមុខ មានបញ្ហាប្រឈមជំងឺបំលែងថ្មី ហើយ គ.ជ.ប ក៏នឹងត្រូវត្រៀមវិធានការជាបន្តទៀត ព្រោះជាឆ្នាំបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់។

* នៅឆ្នាំដែលមានការបោះឆ្នោត គ.ជ.ប តែងតែចេញសេចក្តីអំពាវនាវតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យពលករក្រៅប្រទេស ក៏ដូចជាប្រជាពលរដ្ឋ ទូទៅដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការវិលចូលប្រទេសដើម្បីបោះឆ្នោត ព្រោះថា ការបោះឆ្នោតត្រូវធ្វើឡើងនៅតាមឃុំ សង្កាត់ក្នុងប្រទេសកម្ពុជា។

ភាគីពាក់ព័ន្ធដែលបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ មានតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ មន្រ្តីស្ថានទូតជប៉ុន តំណាងទីភ្នាក់ងារ JICA តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាន និងមន្រ្តី គ.ជ.ប សរុបមានចំនួនប្រមាណ ៦៤នាក់៕