(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Alissar Chaker ប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) នាទីស្ដីការក្រសួងរ៉ែ និងថាមពល។

ក្នុងជំនួបនោះ បានពិភាក្សាពីការស្វែងយល់បន្ថែម អំពីទស្សនៈវិស័យរបស់ក្រសួង និងគម្រោងអាទិភាពនានា ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍប្រសិទិ្ធភាពថាមពល ក៏ដូចជាឱកាស និងគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត ដើម្បីបន្ត និងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពល។

លោករដ្ឋមន្ត្រី ស៊ុយ សែម បានថ្លែងអំណរគុណ ដល់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា ដែលបានផ្តល់កិច្ចសហការ និងកិច្ចគាំទ្រជាច្រើន ក្នុងគម្រោងអភិវឌ្ឍន៍ថាមពលរបស់កម្ពុជា ដែលក្នុងនោះរួមមាន៖

* ជំនួយហិរញ្ញប្បទាន គម្រោងកសាងសមត្ថភាព
* គម្រោងបច្ចេកទេសនិងការសិក្សាស្រាវជ្រាវ គម្រោងប្រឹក្សាយោបល់ទាំងក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត សេចក្តីណែនាំនិងវិធានការផ្សេងៗ និង
* ការផ្តល់ជាសម្ភារៈបរិក្ខាជាដើម ដែលសរុបមានចំនួនប្រមាណ១០ គម្រោងសម្រាប់ឆ្នាំ២០២១នេះ។

លោករដ្ឋមន្ត្រី ស៊ុយ សែម ក៏បានជម្រាបជូនអំពីចំណុចសំខាន់ៗ ក្នុងការអភិវឌ្ឍវិស័យថាមពល រួមមាន៖

* គោលដៅនៃការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា
* លទ្ធផលនៃការរៀបចំផែនការមេអភិវឌ្ឍវិស័យថាមពលកម្ពុជាជាមួយធនាគារ ADB
* វឌ្ឍនភាពនៃការរៀបចំគោលនយោបាយជាតិ ស្តីពីប្រសិទ្ធភាពថាមពល និងជំហររបស់វិស័យថាមពលកម្ពុជា ពាក់ព័ន្ធទៅនឹងបញ្ហាអាកាសធាតុ

ក្នុងឱកាសនោះ ភាគីទាំងពីរ បានបេ្តជ្ញាពង្រឹងការ អនុវត្តស្របតាមអនុស្សារណៈយោគយល់គ្នា និងពង្រឹងភាពជាដៃគូ ក្នុងវិស័យថាមពលបន្តទៀត។

លោកស្រីប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា នឹងបន្តស្វែងរកគម្រោងជំនួយផ្សេងៗ និងកៀងគរជំនួយហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតផងដែរ ដើម្បីការអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា ជាពិសេសគឺការផ្តោតលើគម្រោងប្រសិទិ្ធភាពថាមពល និងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រែប្រួលអាកាសធាតុ៕