(ភ្នំពេញ)៖ ប្រជាពលរដ្ឋកម្ពុជានឹងត្រូវកាត់បន្ថយទៅព្យាបាលនៅក្រៅប្រទេសចំពោះជំងឺមហារីក ដោយសារបច្ចុប្បន្ននេះនៅភ្នំពេញ មានមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺមហារីកនេះជាច្រើនកន្លែង មានទាំងរដ្ឋ និងឯកជន បំពាក់ទៅដោយបំពាក់ម៉ាស៊ីន និងឧបករណ៍ទំនើបៗ ជាមួយក្រុមគ្រូពេទ្យជំនាញៗផងដែរ។ ម្យ៉ាងវិញទៀតក៏បានកាត់បន្ថយនូវការចំណាយថវិកាច្រើន ក្នុងការបញ្ជូនអ្នកជំងឺទៅព្យាបាលនៅក្រៅប្រទេសថែមទៀតផង។

នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោក និងលោកស្រី អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធមន្ទីរពេទ្យសំរាកព្យាបាលឯកជន ផ្នែកមហារីក អូរ៉េន ឃែនស័រ ដែលមានទីតាំងស្ថិត នៅតាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោក ឃួង ស្រេង បានលើកឡើងថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺមហារីក គឺមានសង្ឃឹមច្រើន ដោយសារថានៅកម្ពុជារបស់យើង មានមន្ទីរពេទ្យជាច្រើន ដែលអាចព្យាបាលជំងឺមហារីកនេះ បានកាត់បន្ថយនូវការបញ្ជូនអ្នកជំងឺទៅព្យាបាលនៅក្រៅស្រុក និងកាត់បន្ថយថវិកាច្រើនផងដែរ។

ជាក់ស្តែងនៅពេលនេះ មន្ទីរពេទ្យសំរាកព្យាបាលឯកជនផ្នែកមហារីក អូរ៉េន ឃែនស័រ ដែលបើកសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ គឺបានបំពាក់ឧបករណ៍ទំនើបៗ តាមស្ដង់ដារអឺរ៉ុប និងប្រមូលផ្ដុំដោយគ្រូពេទ្យជំនាញៗ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើតេស្ត ស្វែងរកមេរោគ និងព្យាបាលជម្ងឺមហារីក ជូនដល់ប្រជាពលរដ្ឋកម្ពុជាមកពីគ្រប់មជ្ឈដ្ឋាន។

លោក ឃួង ស្រេង បានបន្តថា សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ ដើម្បីបង្ខិតសេវាសុខាភិបាល ឲ្យកៀកជិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន គណៈអភិបាល បានខិតខំពង្រឹង និងពង្រីកយន្តការនៃការផ្ដល់សេវាផ្នែករដ្ឋ ព្រមទាំងបង្កលក្ខណៈដល់ការចូលរួម របស់សេវាសុខាភិបាល ឯកជន ក្នុងនោះ គិតត្រឹមឆ្នាំ២០២១ នេះ នៅរាជធានីភ្នំពេញ មានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ចំនួន០៧, មន្ទីរពេទ្យបង្អែកក់រាជធានី ចំនួន ០១ (កម្រិត CPA3), មន្ទីរពេទ្យបង្អែកថ្នាក់ស្រុកប្រតិបត្តិ ចំនួន ០៧ (កម្រិត CPA1), មណ្ឌលសុខភាព ចំនួន៤៣ (កម្រិតMPA) និងប៉ុស្តិ៍សុខភាព ចំនួន ៧កន្លែង ដែលជាសេវាសុខាភិបាល គ្រប់គ្រងដោយរដ្ឋ ព្រមទាំងមានមូលដ្ឋាន សុខាភិបាលឯកជនចំនួន ២៧៥៧ ទីតាំង បន្ថែមទៀត កំពុងផ្តល់ សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺទូទៅដូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

លោកសាស្ត្រាចារ្យ វជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានមន្ទីរពេទ្យសំរាកព្យាបាលឯកជនផ្នែកមហារីក អូរ៉េន ឃែនស័រ គោលបំណងសំខាន់នៃការបង្កើតមន្ទីរពេទ្យនេះ គឺ ដើម្បីចូលរួមបំពេញនូវកង្វះខាត ក្នុងវិស័យសុខាភិបាល សម្រួលដល់ជីវភាព និងការលំបាករបស់ប្រជាពលរដ្ឋដែលមានជំងឺ បង្កើតការងារជូនគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលផ្សេងទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកបន្តថា អ្នកជំងឺមហារីកភាគច្រើនកើតលើមនុស្សវ័យកណ្តាល និងវ័យចំណាស់។ ជំងឺមហារីកមាន ប្រាំប្រភេទដែលយើងជួបប្រទះច្រើនជាងគេ គឺ មហារីកថ្លើម មហារីកសួត មហារីកសុដន់ មហារីកក្រពះ-ពោះវៀន និង មហារីកមាត់ស្បូន។ អ្នកជំងឺមហារីកនៅកម្ពុជា ប្រមាណ១៣,៥០០នាក់ ត្រូវការព្យាបាលដោយកាំរស្មី ហើយមានអ្នកជំងឺប្រមាណ ៣,០០០នាក់ប៉ុណ្ណោះ ដែលទទួលបានការព្យាបាលនៅក្នុងស្រុក និងប្រមាណ១៥០០នាក់ទៀត បានទទួលការព្យាបាល នៅប្រទេសជិតខាង នៅសល់ប្រមាណជាង១០,០០០នាក់ទៀតក្នុង១ឆ្នាំ កំពុងត្រូវការ ការព្យាបាលមួយដែលមាន ប្រសិទ្ធភាព និងគុណភាពតាមស្តង់ដា វេជ្ជសាស្តសកល។

លោក អ៊ាវ សុខា បន្តថា នៅកម្ពុជា ការទទួលបានការពិនិត្យ និងការធ្វើតេស្តស្វែងរកជំងឺមហារីក ដោយម៉ាស៊ីនទំនើប នៅមានកំរិតទាបនៅឡើយ។ ដូច្នេះដើម្បីឆ្លើយតប ទៅនឹងសេចក្តីត្រូវការព្យាបាលក្នុងស្រុក និងបំពេញបន្ថែមលើសេវាសុខាភិបាលសាធារណៈ ដែលកំពុងជួបការលំបាក និងស្របតាមគោលនយោបាយ លើកទឹកចិត្តដល់វិស័យឯកជន របស់រាជរដ្ឋាភិបាល ក្នុងនាមលោកជាអ្នកជំនាញជំងឺមហារីកមួយរូប បានសម្រេចចិត្ត បណ្តាក់ទុនបង្កើតមន្ទីរពេទ្យនេះឡើង ដោយមានបំពាក់ ឧបករណ៍ទំនើបៗ តាមស្ដង់ដារអឺរ៉ុប និងប្រមូលផ្ដុំដោយគ្រូពេទ្យជំនាញៗ ដែលមានសមត្ថភាព គ្រប់គ្រាន់ក្នុងការធ្វើតេស្ត ស្វែងរកមេរោគ និងព្យាបាលជំងឺមហារីក ជូនដល់ប្រជាពលរដ្ឋកម្ពុជាមកពីគ្រប់មជ្ឈដ្ឋាន៕