(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាថ្មីៗនេះ ព្រះអង្គស្តេចសព្វព្រះរាជ ហឫទ័យប្រោស ព្រះរាជទាន ព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ២២០.០០០ ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម។

ព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមនេះ គឺដើម្បីមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹមបញ្ចារទិញសម្ភារៈបរិក្ខារពេទ្យដូចជា ម៉ាស៊ីនថតសួត (X-Ray) រថយន្តគិលានសង្រ្គោះ និងម៉ាស៊ីនអេកូ ដើម្បីបម្រើសេវាព្យាបាល និងថែទាំអ្នកជំងឺប្រកបដោយប្រសិទ្ធភាព គុណភាព សមធម៌ និងមានចីរភាពដល់ប្រជាជនក្រីក្រ និងខ្វះខាតក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា មន្ទីរពេទ្យ ព្រះសីហនុ មជ្ឍមណ្ឌល ក្តីសង្ឃឹម (Sihanouk Hospital Center of Hope - SHCH) គឺជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យដែលផ្តល់សេវាវេជ្ជសាស្ត្រល្អបំផុត សម្រាប់ប្រជាជនកម្ពុជាក្រីក្រ៕