(បន្ទាយមានជ័យ)៖ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានដាក់ផែនការឲ្យកម្លាំងសមត្ថកិច្ចចម្រុះ ត្រៀមប្រតិបត្តិការបង្ក្រាបជនទាំងឡាយណា ដែលចូលមកកាប់ទន្រ្ទានយកដីក្នុងតំបន់ព្រៃលិចទឹក ក្នុងភូមិសាស្រ្តខេត្ត។

ការត្រៀមចុះប្រតិបត្តិការនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានលោក អ៊ុ រាត្រី អភិបាលខត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការសឹករងខេត្ត មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អភិបាលស្រុកពាក់ព័ន្ធ មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

ក្រោយពីទទួលបានបទបញ្ជាហើយ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកកម្លាំងអាវុធចំនួន២១៩នាក់ ចុះប្រតិបត្តិការបង្ក្រាប ជនទាំងឡាយណាដែលចូលមកកាប់ទន្រ្ទានយកដី ក្នុងតំបន់ព្រៃលិចទឹកក្នុងភូមិសាស្រ្តខេត្ត។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រាប់ថា ក្រុមការងារបានចុះពិនិត្យការឈូសឆាយរបស់ជនខិលខូច លួចឈូលឆាយដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិ នៅក្នុង២ស្រុក គឺស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ដោយសម្រេចដកហូតដីក្នុង២ស្រុកនេះ យកមករក្សាទុកជាសម្បត្តិរដ្ឋវិញ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបន្តថា នៅស្រុក២នេះ សុទ្ធតែជាព្រៃលិចទឹកជាជម្រកព្រៃត្រីពងកូន ប៉ុន្តែត្រូវបានជនខិលខូច និងមន្ត្រីខិលខូចលួចឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកទាំងអស់នោះ យកធ្វើស្រែជាកម្មសិទ្ធិអស់។

លោកថា ក្រុមការងារបានចុះស្រាវជ្រាវនៅតំបន់ទាំងស្រុក២នេះ បើឃើញជនខិលខូចណាលួចឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក ក្រុមការងារនឹងដកហូតដីទាំងអស់នេះ យកមកដាំដើមឈើព្រៃលិចទឹកវិញទុកជាទ្រព្យសម្បត្តិរដ្ឋ តាមបទ បញ្ជាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស។

ជាមួយគ្នានេះ នៅរដូវទឹកស្រក ក្រុមការងារចម្រុះមិនអនុញ្ញាតឱ្យជិនខិលខូច ដែលបានឈូសឆាយកាន់កាប់ដីព្រៃលិចទឹកនេះ ធ្វើស្រែនៅលើដីខាងលើនេះជាដាច់ខាត ហើយតម្រូវឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញត្រូវធ្វើផ្លាកធំ យកទៅបោះនៅលើទីតាំង ដែលត្រូវដកហូតដីខាងលើនេះកុំឱ្យគេបំផ្លាញបន្តទៅទៀត។ ក្រុមការងារនឹងបន្តស្រាវជ្រាវរកអត្តសញ្ញាណជនខិលខូច ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់វិធានការតាមផ្លូវច្បាប់ហើយ ៕