(អេមីរ៉ាតអារ៉ាប់រួម)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលកម្មន្តសាលកម្ម និងឧស្សាហូបនីយកម្មសកល (GMIS 2021) លើកទី៤ ដែលត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

កិច្ចប្រជុំត្រូវបានប្រព្រឹត្តទៅក្រោមមូលបទ «ការតភ្ជាប់សង្គមឡើងវិញៈ ការកំណត់គោលបំណងឡើងវិញនូវឌីជីថលូបនីយកម្មសម្រាប់បរិយាប័ន្ន»។ ក្នុងនោះលោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានថ្លែងសុន្ទរកថា ក្នុងនាមជាតំណាងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងបានរំលេចនូវភាពជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដែលជាជំហានចម្បងដើម្បីសម្រេចបាននូវការស្តារសេដ្ឋកិច្ចរបស់កម្ពុជា និងបានគូសបញ្ជាក់ពីសក្តានុពលរបស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់គាំទ្រកម្មន្តសាល និងឧស្សាហូបនីយកម្មសកល ក្រោមមូលបទដែលបានលើកឡើងរបស់កិច្ចប្រជុំកំពូល។

នៅក្នុងកិច្ចប្រជុំកំពូលនោះ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ស្ពានសម្រាប់គម្លាតហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យម»។ កិច្ចពិភាក្សាត្រូវបានធ្វើឡើងដោយ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានរំលេចនូវការចាប់យកបច្ចេកវិទ្យាសម្រាប់ដោះស្រាយនូវបញ្ហាចំពោះមុខ ជាពិសេសការសម្របខ្លួនរបស់កម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍សម្រាប់អាជីវកម្ម និងការអនុវត្តការងារ។

លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទាន ការបំបែករបាំងបច្ចេកវិទ្យា និងគន្លឹះក្នុងការរៀបចំគោលនយោបាយសម្រាប់រោងចក្រ សហគ្រាសធុនតូច និងមធ្យម គឺជាកិច្ចការចម្បងបន្ទាន់មិនអាចខ្វះបានសម្រាប់បរិបទកម្ពុជា និងប្រទេសអភិវឌ្ឍតិចដទៃទៀត។ ក្នុងន័យនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការដឹកនាំផ្ទាល់របស់ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បាននិងកំពុងរៀបចំច្បាប់គាំទ្រ និងជំរុញការផ្ទេរបច្ចេកវិទ្យា គោលនយោបាយស្តីពីការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងការពិចារណារៀបចំនូវគោលនយោបាយនវានុវត្តន៍ឧស្សាហកម្ម ដើម្បីពង្រឹងសក្តានុពលក្នុងការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយបរិយាប័ន្នសម្រាប់កម្ពុជាក្នុងបរិបទឧស្សាហកម្មជំនាន់ទី៤។

នៅក្នុងកិច្ចប្រជុំកំពូលនោះ កម្ពុជាបានទទួលនូវការសាទរលើការគ្រប់គ្រងជំងឺកូវីដ-១៩ និងការឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស តាមរយៈការងារដែលសម្រេចបាន និងកំពុងអនុវត្តសម្រាប់វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងឌីជីថល ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានកំណត់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាឆ្អឹងខ្នង/សសរស្តម្ភ មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យយូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០៣០ និង២០៥០៕