(ភ្នំពេញ)៖ សាធារណរដ្ឋប្រជាមានិតឡាវ បានស្នើដល់កម្ពុជា បង្កើតក្រុមទំនាក់ទំនងតាមព្រំដែនរួមគ្នារវាងប្រទេសទាំងពីរ ដើម្បីងាយស្រួលក្នុងការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក និងពង្រឹងនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ការស្នើនេះធ្វើឡើងក្នុងជំនួបរវាង សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ជាមួយលោក Chansamone Chanyalath ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិឡាវ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅអគារមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

ក្រោយបញ្ចប់ជំនួបនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ពីមុនមកតែងតែធ្វើនៅខាងថៃ ដែលយើងហៅឲ្យច្បាស់លាស់ជាងនេះទៅទៀត គឺក្រុមទំនាក់ទំនងព្រំដែន ដែលកន្លងមកយើងមិនទាន់មានការរៀបចំក្រុមទំនាក់ទំនងព្រំដែនជាមួយវៀតណាម និងឡាវទេ ដូច្នេះគាត់ (រដ្ឋមន្ដ្រីការពារជាតិឡាវ) ស្នើសុំឲ្យមានការរៀបចំបែបនេះ»។

សម្ដេច ទៀ បាញ់ បានបន្ថែមថា តាមរយៈបទពិសោធន៍កន្លងមក ក្រុមទំនាក់ទំនងព្រំដែនដែលកម្ពុជា អនុវត្តជាមួយភាគីថៃ គឺបានអនុវត្តនូវកិច្ចមួយចំនួនយ៉ាងល្អប្រសើរសំដៅបម្រើផលប្រយោជន៍ឲ្យប្រទេសទាំងពីរ។ ការងារទាំងនោះ គឺមានចម្រុះបញ្ចូលគ្នា ពោលនៅពេលមានកិច្ចការងារអ្វីត្រូវជូនដំណឹងគ្នាទៅវិញទៅមក ក្ដាប់សភាពការណ៍ពីម្ខាងទៅម្ខាង ឬនៅពេលមានបញ្ហាអ្វីកើតឡើង ត្រូវជួបគ្នាភ្លាមៗដើម្បីស្វែងរកដំណោះស្រាយ។

ដោយសារតែជំនួបមានរយៈពេលខ្លី ប្រមាណ២០នាទី សម្ដេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា មិនបានពិភាក្សាគ្នាច្រើននោះទេ ប៉ុន្ដែក្នុងនោះជំនួបនោះ ភាគីកម្ពុជា-ឡាវ ក៏បានជជែកគ្នារឿងផ្លាស់ប្ដូរទំនាក់ទំនងយោធា និងពង្រឹងនូវយន្ដការដែលមានស្រាប់ផងដែរ។

សម្ដេចពិជ័យសេនា ទៀត បាញ់ បានគូសបញ្ជាក់បន្ថែមថា ភាគីកម្ពុជា-ឡាវ ក៏បានជំរុញឲ្យបង្កើននូវទំនាក់ទំនងរវាងមន្ដ្រីមូលដ្ឋាន ដោយត្រូវជួបគ្នាជាអចិន្ដ្រៃយ៍ ពោលក្នុងមួយឆ្នាំយ៉ាងហោចណាស់បានជួបគ្នា២ដង ដើម្បីផ្លាស់ប្ដូរទំនាក់ទំនងគ្នា នៅពេលស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាលទៅវិញ។

សូមជម្រាបថា ក្នុងជំនួបរបស់ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិឡាវ ជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញអមដំណើរលោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ដ្រីឡាវ ដែលមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា រយៈពេល២ថ្ងៃ ដោយថ្ងៃនេះ គឺជាថ្ងៃចុងក្រោយនៃការបំពេញទស្សនកិច្ចនេះ៕