(ភ្នំពេញ)៖ លោក យឹម ស៊ីណន អតីតសកម្មជនរបស់អតីតគណបក្សសង្រ្គោះជាតិនៅប្រទេសកូរ៉េ បានចេញមុខបកអាក្រាតអំពីអំពើក្បត់របស់ លោក សម រង្ស៉ី ម្តងហើយម្តងទៀត ក្នុងការធ្វើសកម្មភាពនយោបាយនៅក្នុងប្រទេសកម្ពុជា។

តាមរយៈហ្វេសបុកនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក យឹម ស៊ីណន បានរៀបរាប់ដូច្នេះថា៖

«ក្បត់ហើយ ក្បត់ទៀត។ លោក សម រង្ស៉ី យករូបថតឥស្សរជននយោបាយទាំងពីរនេះមកផុសប្រៀបផ្ទឹមគ្នា គឺបានកំពុងរំលឹកនូវប្រវត្តិសាស្រ្តចាស់ដ៏សែនឈឺចាប់បំផុត ឲ្យមហាជនបានដឹង»។ តើលោក សម រង្ស៉ី បានធ្វើយ៉ាងណាចំពោះលោកទាំងពីរ?

FUNCINPEC សម្តេចក្រុមព្រះលើកតម្កើង លោក សម រង្ស៉ី រហូតដល់ជាសមាជិក ឧត្តមក្រុមប្រឹក្សាជាតិ និងផ្តល់តំណែងដល់ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ។ ទោះខុសត្រូវយ៉ាងណា លោក សម រង្ស៉ី គួរខិតខំផ្សះផ្សាពង្រឹងសាមគ្គីផ្ទៃក្នុង គណបក្សដឹកនាំប្រទេសជាតិ បម្រើម្ចាស់ឆ្នោតនៅទូទាំងប្រទេស។ ប៉ុន្តែលោក សម រង្ស៊ី បែរជាដោយសារគំនុំបុគ្គលជាធំក្បត់មេទៅបង្កើត គណបក្សជាតិខ្មែរ បំបែកហ៊្វុនស៊ិនប៉ិចក្បត់រាស្រ្តម្ចាស់ឆ្នោតឆ្នាំ១៩៩៣។ មិនតែប៉ុណ្ណោះលោក សម រង្ស៉ី បានឃុបឃិត ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបំផ្លាញសម្តេចក្រុមព្រះទាំងស្រុងតែម្តង រហូតដល់ថ្ងៃចូលទីវង្គតនៃទ្រង់ក៏មិនចេញសារលិខិតផ្លូវការរំលែទុក្ខមួយសន្លឹកក្នុងនាមជាអតីតកូនចៅ និងអ្នកនយោបាយដូចគ្នា។

CNRP ខណៈពេល លោក កឹម សុខា កំពុងជាប់ឃុំឃាំង ហើយគណបក្សប្រឈមនឹងការរំលាយ, លោក សម រង្ស៊ី បែរជានាំគ្នារត់ចោលស្រុក បោះបង់ចោលសមរភូមិ។ លុះរំលាយ CNRP ហើយក៏នាំ «ដេកផ្ទះស្ទះឯង» ជួយឱ្យបោះឆ្នោតដោយគ្មាន CNRP ឆ្នាំ២០១៨ ប្រព្រឹត្តិទៅយ៉ាងរលូន។ ឯមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ប្រមាថព្រះមហាក្សត្រ បំបះបំបោរយោធា គឺបង្កើតសោកនាដកម្មដល់បណ្តាអ្នកប្រជាធិបតេយ្យទាំងមូល។ នៅទីបំផុតលោក សម រង្ស៊ី នាំគ្នីគ្នាត្រឡប់ទៅផ្ទះចាស់ (គណបក្សភ្លើងទៀន) ក្បត់សង្រ្គោះជាតិ, ក្បត់លោកប្រធានបក្ស (លោក កឹម សុខា), ក្បត់សមាជិក សមាជិកា និងក្បត់ឆន្ទៈរាស្រ្ត ម្ចាស់ឆ្នោតឆ្នាំ២០១៣ ដែលគាំទ្រភ្លូកទឹក ភ្លូកដី មានអ្នកគាំទ្រខ្លះលក់ទាំងមាន់ទាជ្រូក ខ្លះរហូតលក់ដល់ឆ្កែទៀតផង។

ដច្នេះសូមកុំនិយាយថា «លោក សម រង្ស៉ី ជាអ្នកបង្រួបបង្រួមអ្នកប្រជាធិបតេយ្យឱ្យសោះធាតុពិត សម រង្ស៉ី នេះឯងដែលជាអ្នកបំផ្លាញបក្សអ្នកប្រជាធិបតេយ្យធំបំផុតគឺ FUNCINPEC ហើយថ្មីៗចុងក្រោយនេះគឺ CNRP»

លោក យឹម ស៊ីណន បានបញ្ជាក់ថា «សម រង្ស៉ី មានន័យថា ជាមនុស្សក្បត់, ក្បត់ហើយក្បត់ទៀត, ក្បត់ដើម្បីបំផ្លាញកម្លាំងអ្នកប្រជាធិបតេយ្យខ្មែរ ឱ្យរលាយដូចអំបិលត្រូវទឹក»