(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងភរិយា ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ មានសេចក្តីក្រៀមក្រំដ៏ក្រៃលែង ចំពោះការយាងចូលទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ក្នុងសារលិខិតចូលរួមរំលែកព្រះរាជមរណទុក្ខថ្វាយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រា បុត្រី ព្រមទាំងព្រះរាជវង្សានុវង្ស នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានទូលថ្វាយថា ការយាងចូលព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មិនត្រឹមជាការបាត់បង់នូវព្រះស្វាមី ព្រះបិតា និងព្រះអយ្យកោ ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ របស់ព្រះអង្គម្ចាស់ក្សត្រិយ៍ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់នូវសមាជិកដ៏ឆ្នើមមួយព្រះអង្គរបស់ព្រះរាជវង្សានុវង្សខ្មែរ និងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានបូជាព្រះកាយពល បញ្ញា ស្មារតី ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងភរិយា ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ចូលរួមព្រះមរណទុក្ខជាមួយព្រះអង្គម្ចាស់ក្សត្រិយ៍ និងព្រះបុត្រា-បុត្រី ព្រមទាំងរាជវង្សានុវង្ស និងសូមឧទ្ទិសបួងសួងសូមបដិសន្ធិព្រះវិញ្ញាណក្ខន្ធ សម្តេច ក្រុមព្រះ នរោត្តម រណប្ញទ្ធិ ទ្រង់បានយាងទៅកាន់ព្រះសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានសោយទិវង្គត ក្នុងព្រះជន្ម ៧៧ព្រះវស្សា នៅប្រទេសបារាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។ សម្តេចក្រុមព្រះធ្លាប់បានធ្វើជានាយករដ្ឋមន្ត្រីទី១ នៅក្នុងអាណត្តិទី១ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានយាងបំពេញព្រះរាជតួនាទីជាព្រះប្រធានរដ្ឋសភា ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦៕