(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការនៃកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបសកម្មភាពការងារអភិវឌ្ឍន៍ធនធាន អ្នកស្ម័គ្រចិត្ត និងយុវជន កក្រក ឆ្នាំ២០២១ និងលើកទិសដៅបន្ត ឆ្នាំ២០២២។

កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក ពិត ចំណាន អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និង អ្នកស្ម័គ្រចិត្ត និងជាសមាជិកគណៈកម្មាធិការកណ្តាល កក្រក, អគ្គលេខាធិការរងទាំង២ រួមទាំងថ្នាក់ដឹកនាំក្រុមការងារយុវជន និងអ្នកស្ម័គ្រចិត្ត កក្រក នៃសាខាទាំង ២៥ រាជធានី ខេត្ត។

នៅក្នុងកិច្ចប្រជុំនេះ លោកស្រី ពុំ ចន្ទីនី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរ សុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត កក្រក ដើម្បីអភិវឌ្ឍកម្លាំងចលករទាំងពីរក្រុមនេះ និងតែងតែឧបត្ថម្ភគាំទ្រដោយឥតសំចៃទាំងកម្លាំងកាយ និងកម្លាំងចិត្ត។

លោកស្រីបានលើកឡើងថា ចំពោះសាកលលោក យុវជន និងអ្នកស្ម័គ្រចិត្តជាកម្លាំងស្នូលជាឆ្អឹងខ្នងរបស់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទ ក្រហម តាំងពីកាលចលនានេះបានចាប់ប់ដិសន្ធិឡើងក្នុងឆ្នាំ១៨៦៣ មកម៉្លេះ។ ក្រុមទាំងពីរនេះជាកម្លាំងចលករ ជាអ្នកផ្តល់សេវាកម្មស្ម័គ្រចិត្ត ដែលជាគោលការណ៍គ្រឹះ១ក្នុងចំណោម គោលការណ៍គ្រឹះទាំង៧របស់ចលនា។ ដោយឡែកចំពោះកម្ពុជាវិញ បណ្តាញអ្នកស្ម័គ្រចិត្ត និងយុវជន កក្រក ត្រូវបានបង្កើតឡើងវិញ នៅឆ្នាំ១៩៩២ និង១៩៩៦ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។ បណ្តាញអ្នកស្ម័គ្រចិត្តនៅទីនេះ គឺ សំដៅលើអ្នកដែលបានទទួលការបណ្ដុះបណ្ដាលនូវចំណេះដឹងជាមូលដ្ឋាន អំពីចលនាអន្តរជាតិកាកបាទ ក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ រួមទាំងចំណេះដឹងអំពីការអប់រំសុខភាព និងវិជ្ជាសង្គ្រោះបឋមផង។ ពួកគាត់ធ្វើសកម្មភាព ឬប្រតិបត្តិការនៅតាមភូមិ ឬមូលដ្ឋានតាមតម្រូវការ ជាក់លាក់។

លោកស្រី បានបន្ថែមថា ចំណែកឯក្រុមយុវជន កក្រក វិញ ក៏ដូចជាយុវជនទូទៅរបស់ចលនាដែរ គឺពួកគាត់សុទ្ធតែទទួលបាននូវការបណ្តុះបណ្តាលប្រហាក់ប្រហែលនឹងអ្នកស្ម័គ្រចិត្ត តែពួកគាត់ជាយុវជននៅក្នុងគ្រឹះស្ថាន សិក្សាហើយដោយភាព ជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានអនុញ្ញាតបង្កើតឱ្យមាននូវ គម្រោងឈ្មោះថា «យុវជន កក្រក និងសុវត្ថិភាពចរាចរណ៍» ដើម្បីឱ្យយុវជន កក្រក ចាប់ផ្ដើមយល់ដឹង និងចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងការកាត់បន្ថយការរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅតិចទៅ កិចទៅតាមដែលអាចធ្វើទៅបាន។ ទើបរៀងរាល់ឆ្នាំ វគ្គបណ្តុះបណ្តាល យុវជន កក្រក ត្រូវបន្ថែមមេរៀនចំណេះដឹងពីសុវត្ថិភាពចរាចរណ៍នេះជានិច្ច។

ជាងនេះទៅទៀត ក្នុងរយៈពេល ២ឆ្នាំនេះ ២០២០-២០២១ មិនថាការចម្លងវីរុសកូវីដ១៩ ខ្លាំងក្លាយ៉ាងណា ក៏អ្នកស្ម័គ្រចិត្ត និងយុវជន កក្រក នៅតែអាចរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការចម្លងវីរុស កូវីដ-១៩ ដោយការលះបង់កម្លាំងកាយ-ចិត្ត ចូលរួមធ្វើការផ្សព្វផ្សាយចំណេះដឹងអំពីការការពារខ្លួនកុំឱ្យឆ្លងមេរោគ ពីខ្នងផ្ទះ១ ទៅខ្នងផ្ទះ១ ពីក្រុម១ទៅក្រុម១ទៀត ដោយចាប់ផ្តើមតាំងពីចំណេះដឹងមូលដ្ឋាន រហូតសារយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល។

បើតាម លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា , បើទោះបីជាស្ថិតនៅក្នុងស្ថានភាពរីករាលដាលជំងឺកូវីដ១៩ ក៏ដោយ ក៏អ្នកស្ម័គ្រចិត្តរបស់យើងក៏បានចូលរួមតស៊ូស្វិតស្វាញដើម្បី បំពេញភារកិច្ចរបស់ខ្លួនជាពិសេសកាកបាទក្រហមកម្ពុជាដែលមានហ្លួងម៉ែ ជាប្រធានកិត្តិយស មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ហើយយើងជាអាជ្ញាធរតំណាងឱ្យសាធារណៈនោះ នៅក្នុងគ្រប់កាលៈទេសៈ ទាំងអស់គឺយើងរួមអភិវឌ្ឍន៍ដែលហៅថា ការអប់រំផ្សព្វផ្សាយនៅវិធានការនៃការទប់ស្កាត់នៃជំងឺកូវីដ១៩ ជាពិសេស នៅក្នុងសហគមន៍ក៏ដូចជាវិធានរបស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាល។

លោកស្រីបន្ថែមថា នៅក្នុងសកម្មភាពទាំងអស់នេះ គឺយើងមាន ការចូលរួមជាច្រើនអ្នកស្ម័គ្រចិត្តនិងកាកបាទក្រហមកម្ពុជាផងដែរហើយនៅក្នុងនេះដែរ គឺយើងមានអ្នកស្ម័គ្រចិត្ត ហៅថាឥស្សរជន ដែលស្ថិតនៅក្នុងគណៈអភិបាលថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ បានន័យថាថ្នាក់កណ្ដាលថ្នាក់ សាខាអនុស្សាថានិងរហូតដល់សហគមន៍ ក្នុងសកម្មភាពការងារបើយើងនិយាយអំពីចំនុចដែលលេចធ្លោទីមួយ គឺការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអាទិភាពប្រាក់បាតក្រហមកម្ពុជាទីមួយ គឺយើងមានការងារឆ្លើយតប ទៅនឹងគ្រោះមហន្តរាយដូចជាទឹកជំនន់ដែលឆ្លងផុតថ្មីៗនេះ។

លោកស្រីបានបញ្ជាក់បន្ថែមថា ជាមួយនឹងការប្រែប្រួលអាកាសធាតុដែរ នៅក្នុងការលើកកម្ពស់បរិស្ថាន និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ នៅក្នុងសកម្មភាពទាំងអស់នេះក្រុមយុវជនឆ្នាំនេះមានចំណុចលេចធ្លោមួយគួរឲ្យកត់សម្គាល់ ការចូលរួមការប្រកួតប្រជែងនៅក្នុងថ្នាក់អន្តរជាតិអំពីការលើកកម្ពស់បរិស្ថាន នៅក្នុងនេះគឺយើងបានទទួលនូវជ័យលាភីដែលយុវជនទទួលបាននៅក្នុងសហព័ន្ធអន្ដរជាតិ ចំណុចទីពីរ ដែលទាក់ទងទៅនឹងការងារសុខភាពចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ហើយនៅក្នុងនោះអ្នកស្ម័គ្រចិត្តរបស់យើង ក៏ដូចជាយុវជនកាកបាទក្រហម ដែលចូលរួមនៅក្នុងការអប់រំផ្សព្វផ្សាយ ដែលនៅក្នុងពេលនេះ គឺយើងបានចុះទៅដល់ក្នុងផ្ទះរបស់ប្រជាពលរដ្ឋជាង ២លានគ្រួសារ។

លោកស្រីបន្តទៀតថា ទន្ទឹមនឹងនោះគឺយើងប្រើគ្រប់មធ្យោបាយក្នុងការផ្សព្វផ្សាយកម្លាំងចល័ត និងមធ្យោបាយចល័តហើយ ក៏ដូចជាផ្សព្វផ្សាយទៅតាមព័ត៌មានផ្សេងៗដែលឆ្លុះបញ្ចាំងអំពីសកម្មភាពយុវជនរបស់យើងផង ក៏ដូចជាអ្នកស្ម័គ្រចិត្តក៏ដូចជាក្នុងការចូលរួមជួយដែលហៅថា ដោះស្រាយខាងផ្នែកជីវភាពទៅដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ ដែលនៅតាមតំបន់ចត្តាឡីស័កផ្សព្វផ្សាយទៅដល់ពលករចំណាកស្រុក ជាពិសេសវិធានការ និងសារគន្លឹះផ្សេងៗទៀត ចេញអំពីក្រសួងសុខាភិបាល ក៏ដូចជាយុទ្ធសាស្ត្ររបស់សុខាភិបាល៕

ខាងក្រោមនេះជាវីដេអូ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា ផ្តល់បទសម្ភាសអំពីការងារយុវជនកាកបាទក្រហមកម្ពុជា ឆ្នាំ២០២១៖