(ភ្នំពេញ)៖ សម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្វាយសារលិខិត ចូលរួមរំលែកព្រះមរណទុក្ខ ទូលថ្វាយព្រះអង្គម្ចាស់នរោត្តម ចក្រាវុឌ្ឍ និងព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រីជាព្រះបុត្រា ព្រះបុត្រី ព្រះសពសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៉ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ ចំពោះការយាងចូលព្រះទិវង្គតរបស់ព្រះអង្គ។

យោងតាមសាររំលែកព្រះមរណទុក្ខ របស់សម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល បានបញ្ជាក់ដូចនេះថា៖ «ទូលបង្គំមានសេចក្តីក្រៀមក្រំក្រៃលែង ដោយបានទទួលដំណឹងអំពីសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានក្រម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាបិតា របស់ព្រះអង្គម្ចាស់ក្សត្រី ព្រះអង្គម្ចាស់ក្សត្រី នៅថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង ៩៖៤០នាទីព្រឹក នៅប្រទេសបារាំង ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា។ ទូលបង្គំសូមសម្តែងនូវការសោកស្តាយដ៏ជ្រាលជ្រៅ និងសូមចូលរួមរំលែកមរណទុក្ខ ជាមួយព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រី ព្រមទាំងព្រះញាតិវង្សានុវង្សទាំងអស់នៃព្រះសព»។

ការយាងចូលព្រះទិវង្គត នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាការបាត់បង់ព្រះបិតាដែលប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយព្រះអង្គ ជាទីគោរពស្រឡាញ់ នៃព្រះបុត្រាព្រះបុត្រី ព្រមទាំងញាតិវង្ស និងញាតិមិត្តទាំងពួង និងជាការបាត់បង់ព្រះឥស្សរជនដ៏ឆ្នើមមួយព្រះអង្គ ដែលមានស្នាព្រះហស្ត និងព្រះគុណបំណាច់ដ៏ធំធេង ក្នុងការបម្រើ ជាតិសាសនា និងព្រះមហាក្សត្រ។

«ទូលបង្គំសូមសម្តែងនូវការគោរព ចំពោះព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ និងសូមព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងទៅកាន់សុគតិភពកុំបីខានឡើយ»។ នេះជាការរំលែកទុក្ខរបស់ សម្ដេចចៅហ្វាវាំង។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ ព្រះសពសម្តេចក្រុមព្រះ នឹងត្រូវយាងដង្ហែមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ៕