(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានបន្តចលនាឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរ តាមរយៈការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីចូលរួមបង្ការ និងទប់ស្កាត់អំពីការឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីទទួលបានថ្នាំសង្កូវ គ្រឿងឧបភោគ បរិភោគ និងថវិកាដ៏ថ្លៃថ្លា ដើម្បីដោះស្រាយក្នុងជីវភាព ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ជា ពិសី បានបន្តចលនា ក៏ដូចជាការជុំរុញបន្ថែមនេះ ធ្វើឡើងក្នុងពេលលោកដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមកឧបត្ថម្ភចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ និងជួយសម្រួលដល់ជីវភាព ចំនួន៨នាក់ (៨គ្រួសារ) ស្ថិតនៅសង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមជម្រាបថា សម្រាប់អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកអភិបាលខណ្ឌទួលគោក និងក្រុមការងារនាំយកមកឧបត្ថម្ភដល់ក្រុមគ្រួសារសពស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន៨នាក់ (៨គ្រួសារ) ដើម្បីចូលរួមរំលែកទុក្ខ និងជួយសម្រួលដល់ជីវភាព ដោយក្នុង១គ្រួសារទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម, ត្រីខ១យួរ, ទឹកស៊ីអីវ១យួរ, ថ្នាំ០២កញ្ចប់ និងថវិកាចំនួន២លានរៀលស្មើៗគ្នា៕