(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់ លោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ ក្នុងការពិចារណាឲ្យប្រជាជនប្រទេសទាំងពីរ អាចធ្វើដំណើរទៅវិញទៅមកបាន។ ការស្នើរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «(លើវិស័យ) ទេសចរណ៍! សម្តេចតេជោបានស្នើសុំឲ្យឯកឧត្តម វិផាវ៉ាន់ ពិចារណាឲ្យប្រជាជនអាចធ្វើដំណើរទៅវិញទៅមក ព្រោះថាវិស័យនេះ ជាវិស័យដែលបំពេញឲ្យគ្នាទៅវិញទៅមក»។

កម្ពុជាបានប្រកាសបើកប្រទេស ទទួលទេសចរណ៍អន្តរជាតិ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងនោះ អ្នកដែលមិនបានចាក់វ៉ាក់សាំង គឺតម្រូវឲ្យធ្វើចត្តាឡីស័ក ៧ថ្ងៃ ខណៈអ្នកដែលបានចាក់វ៉ាក់សាំង មិនតម្រូវឲ្យធ្វើចត្តាឡីស័កនោះទេ តែភ្ញៀវទេសចរទាំងអស់ ត្រូវធ្វើតេស្ត CPR ចំនួន ៧២ម៉ោងមុន ហើយពេលមកដល់ច្រកទ្វារព្រំដែនកម្ពុជា ត្រូវធ្វើតេស្តរហ័សសិន។

ក្នុងជំនួបទ្វេភាគីនេះដែរ លោក ផនខាំ វិផាវ៉ាន់ ក៏បានស្នើជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ និងលើវិស័យទេសចរណ៍ផ្សេងទៀត។ លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើជំរុញការវិនិយោគនៅឡាវផងដែរ។

បើតាមលោក អ៊ាង សុផល្លែត, សម្រាប់វិស័យវិនិយោគ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រជំរុញឲ្យមានការវិនិយោគិន រវាងប្រទេសទាំងពីរ ព្រោះថាការវិនិយោគនេះ ជាមូលដ្ឋានសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកនយោបាយ សេដ្ឋកិច្ចជាដើម៕