(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតនាព្រឹក ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានដឹកនាំមន្ត្រីនៃស្ថាប័នកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធចុះសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនកូនក្មួយដែលបានមកពិនិត្យផ្ទៃពោះ និង បានសម្រាលកូននៅមណ្ឌលសសុខភាពត្រពាំងរាំង និងបន្តជួបសំណេះសំណាលជាមួយអាជីវករក្នុងផ្សារជុំគីរី ស្ថិតក្នុងភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរីខេត្តកំពត។

ក្នុងឱកាសជួបសំណេះសំណាលនោះលោក ម៉ៅ ធនិន បានណែនាំដល់អ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរស្រុកមិនត្រូវយកថ្លៃភាស៊ី តម្លៃលើសសៀវភៅបន្ទុក ឬចំពោះប្រជាពលរដ្ឋដែលមានវ័យចំណាស់ និងប្រជាពលរដ្ឋ ដែលដាក់លក់តាមកញ្ច្រែងល្អី តូចៗ នោះទេ ហើយត្រូវធ្វើយ៉ាងណាសម្រួលទីតាំងឱ្យពួកគាត់លក់ដូរបានល្អប្រសើរផងដែរ ។

ម្យ៉ាងវិញទៀត អ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរត្រូវធ្វើយ៉ាងណារក្សាការពារ សន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋក៏ដូចជា អាជីវករ លក់ដូរឱ្យបានល្អដើម្បីជៀសវាងការបាត់បង់នូវ ទ្រព្យសម្បត្តិ ឬធ្វើឱ្យមានគ្រោះថ្នាក់ផ្សេងៗបង្ករឱ្យមានភាពភ័យខ្លាច ដល់ ប្រជាពលរដ្ឋ និងអាជីវករ។ ពិសេសត្រូវរៀបចំប្រព័ន្ធខ្សែភ្លើងដែលមានភាពរញ៉េរញ៉ៃកាត់ពីខាងលើដំបូលផ្សារ ឱ្យមាន សណ្តាប់ធ្នាប់ និងសុវត្ថិភាពឱ្យបានល្អឆាប់បំផុតជៀសវាងនាំឱ្យកើតឡើងនូវអគីភ័យផ្សេងៗ នៅក្នុងផ្សារ ។

ទន្ទឹមនេះ លោកអភិបាលខេត្តក៏បានផ្ដល់ថវិកាខ្លះជូនដល់ លោកយាយ លោកតា និងអាជីវករក្នុងផ្សារជុំគីរីនោះផងដែរ ៕