(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាពកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានទូលថ្វាយសាររំលែកព្រះមរណទុក្ខ ដល់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ ចំពោះការយាងចូលព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

សម្តេច ហេង សំរិន បានថ្លែងថា៖ «ទូលព្រះបង្គំជាខ្ញុំ និងភរិយា មានក្តីក្តុកក្តួលក្នុងចិត្តយ៉ាងក្រៃលែងនិងសោកស្តាយជាទីបំផុត ដោយទទួលដំណឹងអំពីការយាងចូលព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៅថ្ងៃអាទិត្យ ៩ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ»។

សម្តេច ហេង សំរិន និងភរិយា សូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយស្រណោះអាឡោះអាល័យក្រៃលែងជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍ និងព្រះរាជបុត្រា បុត្រី ព្រមទាំងរាជវង្សានុវង្ស ចំពោះការបាត់បង់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាព្រះរាជឥស្សរជន ក្នុងព្រះរាជវង្សមួយព្រះអង្គ ដែលមិនត្រឹមតែជាបញ្ញាវន្តដ៏ឆ្នើមមួយព្រះអង្គប៉ុណ្ណោះទេ តែជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានបូជាកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ព្រមទាំងបានរួមចំណែកដ៏សំខាន់ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ។

«ក្នុងវេលាប្រកបដោយសែនក្រៀមក្រំ និងអាឡោះអាល័យបំផុតនេះ ទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមឧទ្ទិសបួងសួងថ្វាយព្រះកុសលព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមទ្រង់យាងសោយសុខក្នុងព្រះឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម ព្រះអង្គម្ចាស់ក្សត្រីយ៍ និងព្រះរាជបុត្រា បុត្រី គ្រប់ព្រះអង្គទទួលនូវក្តីស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅបំផុត ពីទូលព្រះបង្គំ»។ នេះបើតាមសាររំលែកទុក្ខរបស់ សម្តេច ហេង សំរិន។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣:៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ គណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា ព្រះសព សម្តេចក្រុមព្រះ នឹងត្រូវយាងដង្ហែមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ៕