(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្វាយសារលិខិត ចូលរួមរំលែកទុក្ខទូលថ្វាយព្រះអង្គម្ចាស់ ក្សត្រិយ៍នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រីព្រះអង្គម្ចាស់ក្សត្រិយ៍ ចំពោះការយាងសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៉ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

យោងតាមសាររំលែកព្រះមរណទុក្ខ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ដូចនេះថា «ទូលព្រះបង្គំជាខ្ញុំ និងភរិយា មានសេចក្តីក្តុកក្តួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយ ព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៥:៤០នាទីរសៀល ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា ដោយព្រះរោគាពាធ»

ទូលព្រះបង្គំ សូមចូលរួមរំលែកព្រះមរណទុក្ខជាមួយ ព្រះអង្គម្ចាស់ក្សត្រីយ៍ ជាព្រះជាយា និងព្រះបុត្រា បុត្រី ព្រមទាំងព្រះរាជវង្សានុវង្ស ប្រកបដោយសេចក្តី ទុក្ខសោកសង្វេគ សោកស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មានចំពោះការបាត់បង់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាព្រះឥស្សរជនខ្មែរដ៏ឆ្នើមមួយ
ព្រះអង្គ ដែលមានស្នាព្រះហស្តនិងបទពិសោធន៍ជាច្រើនចូលរួមកសាងជាតិ ប្រកបដោយព្រះសមត្ថភាពនិងពេញព្រះហឫទ័យស្នេហា ជាតិ សាសនា ព្រះមហាក្សត្រ រហូតដល់អវសានព្រះជន្ម។

ទូលព្រះបង្គំសូមលំឱនកាយវាចាចិត្តឧទ្ទិស បួងសួងដល់ព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ សូមព្រះអង្គយាងទៅកាន់ព្រះសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ ព្រះសពសម្តេចក្រុមព្រះ នឹងត្រូវយាងដង្ហែមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ៕