(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការបើកកិច្ចប្រជុំផ្សព្វផ្សាយជាសាធារណៈអំពីគោលនយោបាយដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ ចំនួន២១០គ្រួសារ ដែលនឹងប្រព្រឹត្តទៅនៅសាលាខណ្ឌ (សាលប្រជុំ A) វេលាម៉ោង១៤៖០០នាទីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្អែកនេះ។

បើតាមលោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ សម្រាប់កិច្ចប្រជុំផ្សព្វផ្សាយជាសាធារណៈអំពីគោលនយោបាយដោះស្រាយដីធ្លី ដែលនិងចាប់ផ្ដើមរៀបចំធ្វើឡើង នារសៀលស្អែកនេះ ទៅតាមកាលបរិឆ្ឆេទ និងទីកន្លែងបានកំណត់ ក្រោយពីប្រជាពលរដ្ឋ ចំនួន២១០គ្រួសារ រស់នៅរងផលប៉ះពាល់ដល់ការស្ថាបនាផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ដើម្បីទទួលបានព័ត៌មានលម្អិត ជាក់លាក់ ច្បាស់លាស់ និងសម្រួលដល់ការធ្វើដំណើរទូទៅ ក្នុងការចូលរួមចំណែកលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាមួយ រាជរដ្ឋាភិបាល៕