(បាងកក, ថៃ)៖ រដ្ឋមន្ត្រីគមនាគមន៍របស់ថៃ លោកបណ្ឌិត សក្តិស្យាម ឈីតឆប បានលើកឡើងថា ការកសាងប្រព័ន្ធគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការតភ្ជាប់ និងកសាងសេដ្ឋកិច្ចនៅក្នុងប្រទេសឱ្យកាន់តែប្រសើរ។

លោករដ្ឋមន្ត្រីគមនាគមន៍ថៃ បានគូសបញ្ជាក់បែបនេះក្នុងពេលរូបលោកទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ នាទីក្រុងបាងកក ប្រទេសថៃ កាលពីពេលថ្មីៗនេះ។

ក្នុងជំនួបនេះលោកបណ្ឌិត សក្តិស្យាម ឈីតឆប និងលោកបណ្ឌិត សុខ សុក្រឹត្យា បានជជែកគ្នាច្រើនពីសារៈសំខាន់នៃការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរវាងកម្ពុជា និងថៃ។ ទាំងលោកបណ្ឌិត សក្តិស្យាម ឈីតឆប និងលោកបណ្ឌិត សុខ សុក្រឹត្យា បានលើកឡើងថា ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនជានយោបាយមួយ ដែលអាស៊ានកំពុងយកចិត្តទុកដាក់ខ្ពស់ផងដែរ។

លោកបណ្ឌិត សក្តិស្យាម ឈីតឆប បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថៃ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូឆា បានដាក់ចេញនូវគោលនយោបាយជាអាទិភាពលើការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលជាគ្រឹះយ៉ាងសំខាន់សម្រាប់ស្តារ និងអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គម និងឈានទៅលើកកម្រិតជីវភាពប្រជាពលរដ្ឋថៃឱ្យកាន់តែប្រសើរឡើង។

លោករដ្ឋមន្ត្រីគមនាគមន៍ថៃ ក៏បានគូសបញ្ជាក់ដែរថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលថៃ ក៏បានដាក់ចេញកម្មវិធីប្រលងប្រជែងក្នុងការកសាងប្រព័ន្ធគមនាគមន៍ថែមទៀតផង។ ឈរលើគោលការណ៍នេះ ក្រសួងគមនាគមន៍ថៃ កំពុងសិក្សាកសាងផ្លូវមេសំខាន់ៗ ជាពិសេសការតភ្ជាប់រវាងតំបន់ទីក្រុង ជាមួយប្រព័ន្ធពង្រាងផែនទី (MR–Map) និងគម្រោងសាងសង់ស្ពានសេដ្ឋកិច្ចដែលផ្សារភ្ជាប់ជាមួយសមុទ្រអាន់ដាម៉ាន និងឈូងសមុទ្រថៃ ឬហៅថា ស្ពានដី (Land Bridge)។ គម្រោងនេះ នឹងឈានឆ្ពោះទៅតភ្ជាប់ក្នុងការដឹកជញ្ជូនជាមួយប្រទេសជិតខាង។ គម្រោងនេះដែរ ក៏នឹងជួយបើកច្រកសេដ្ឋកិច្ច និងវិស័យទេសចរណ៍តាមជនបទរបស់ថៃឱ្យកាន់តែទូលំទូលាយថែមទៀត។

លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានបង្ហាញពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន លើការកសាងហេដ្ឋានរចនាសម្ព័ន្ធផ្លូវ និងស្ពាននេះផងដែរ។ លោក សុក្រឹត្យា បានគូសបញ្ជាក់ថា ផ្លូវ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំង៤ ត្រូវបានសម្តេចតេជោ ដាក់ចេញតាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជាសាសន៍ ប៉ុល ពត។

លោកបណ្ឌិត សុខ សុក្រឹត្យា បានគូសបញ្ជាក់ថា «បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងយកចិត្តទុកដាក់សាងសង់ផ្លូវជាតិ និងស្ពានឆ្លងកាត់ទន្លេជាច្រើនខ្សែ ដើម្បីតភ្ជាប់តំបន់ទីក្រុង ទៅទីជនបទ។ បច្ចុប្បន្ននេះ កម្ពុជាមានផ្លូវតភ្ជាប់ប្រទាក់ក្រឡាគ្នាសម្រាប់ធ្វើដំណើរពាសពេញផ្ទៃប្រទេស ហើយកំពុងកែលំអរឱ្យកាន់តែប្រសើរថែមទៀត»

លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានព្រមព្រៀងបើកឱ្យដំណើរការច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ «ស្ទឹងបត់-បានណងអៀន» នៅពេលខាងមុខជាបណ្តោះអាសន្ន បើទោះបីអគាររដ្ឋបាល និងផ្លូវថ្នល់ផ្សារភ្ជាប់នៅខាងកម្ពុជាសាងសង់មិនទាន់រួចរាល់ក្តី។

ក្នុងជំនួបនោះលោកបណ្ឌិត សុខ សុក្រឹត្យា បានលើកបង្ហាញពីកិច្ចប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរការកសាងប្រទេស ដោយរក្សាបាននូវសុខសន្តិភាព ហើយនាំមកនូវការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជា។

ទីប្រឹក្សារបស់សម្តេចតេជោ ក៏បានលើកបង្ហាញពីភាពជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានយ៉ាងឆាប់រហ័សជូនប្រជាពលរដ្ឋ៕