(ភ្នំពេញ)៖ ចុងសប្ដាហ៍ទី៤នៃខែវិច្ឆិកា ត្រូវនឹងថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបចំនួន ១៧២,៩៧៦ នាក់ ក្នុងនោះភ្ញៀវជាតិ ១៦៧,៥៤៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៤២៧ នាក់។ នេះបើតាមលោក ថោង ខុន ដែលបានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៣១,១១៨ នាក់
* រាជធានីភ្នំពេញ ២៨,៨៤៩ នាក់
* ខេត្តកំពត ២២,៦៤៩ នាក់
* ខេត្តពោធិ៍សាត់ ១៤,៨៦១ នាក់
* ខេត្តសៀមរាប ១១,១២៣ នាក់
* ខេត្តបាត់ដំបង ១១,០៧៤ នាក់
* ខេត្តកែប ៨,៥៨១ នាក់។

ជាការកត់សម្គាល់របស់លោក ថោង ខុន តាមតួលេខខាងលើ ទោះបីពុំមានថ្ងៃឈប់សម្រាកជាបុណ្យជាតិ ប៉ុន្តែចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៅតែមានភាពសកម្មនៅរៀងរាល់ចុងសប្តាហ៍។

លោករដ្ឋមន្ត្រីបានបន្តថា ចំពោះការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ សង្កេតឃើញជារួមថា ទាំងម្ចាស់មូលដ្ឋានអាជីវកម្ម និងភ្ញៀវទេសចរមានការយល់ដឹងកាន់តែប្រសើរ និងបានចូលរួមអនុវត្តវិធានការនានាកាន់តែសកម្ម ពិសេសវិធានការ «៣កុំ និង ៣ការពារ» ស្របពេលដែលរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍បានបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្ម៕