(កណ្ដាល)៖ ការិយាល័យច្រកចេញចូលតែមួយ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ ដាក់ឲ្យដំណើរការនៅស្ទើរទូទាំងប្រទេស ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ការិយាល័យនេះ ជាកន្លែងប្រមូលផ្ដុំនូវសេវារដ្ឋបាលជាច្រើន ដែលសុទ្ធតែជាតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កលក្ខណៈឲ្យមានភាពឆាប់រហ័ស និងមិនតម្រូវឲ្យប្រជាពលរដ្ឋរត់ទៅច្រើនកន្លែង។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក៏បានបញ្ជាក់ជាថ្មីម្ដងទៀត អំពីដំណើរការរៀបចំ និងកែសម្រួលការិយាល័យច្រកចេញចូលតែមួយ ដូចជាការគ្រោងដាក់បញ្ជូលនូវសេវាផ្សេងៗបន្ថែមទៀត ដែលមិនទាន់មាននៅពេលបច្ចុប្បន្ននេះ ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដែលត្រូវមកទទួលសេវា។

ប៉ុន្ដែសម្ដេចក្រឡាហោម ស ខេង បានអះអាងថា ក្នុងករណីមានភាពអសកម្មណាមួយកើតឡើង នៅការិយាល័យច្រកចេញចូលតែមួយ ប្រជាពលរដ្ឋអាចដាក់ពាក្យប្ដឹងទៅកាន់ការិយាល័យប្រជាពលរដ្ឋ ឬការិយាល័យទទួលពាក្យបណ្ដឹង។ តែការដាក់ពាក្យប្ដឹងនេះ គឺសម្រាប់តែការិយាល័យច្រកចេញចូលតែមួយប៉ុណ្ណោះ ដោយឡែក រឿងផ្សេងៗ អាស្រ័យលើសមត្ថកិច្ចរបស់អាជ្ញាធរពាក់ព័ន្ធ។

សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសអញ្ជើញចុះពិនិត្យដំណើរការការិយាល័យច្រកចេញចូលតែមួយ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បានថ្លែងយ៉ាងដូច្នេះថា «ឥលូវនេះយើងកំពុងពិនិត្យលទ្ធភាពថា តើមានសេវាអ្វីទៀតតាមសិទ្ធិអំណាចស្រុក ដែលអាចយកមកដាក់នៅច្រកចេញចូលតែមួយបាន យើងនឹងខិតខំ។ ប្រសិនបើការិយាល័យច្រកចេញចូលតែមួយធ្វើមិនល្អ មានការិយាល័យមួយទៀត គេហៅថា ការិយាល័យទទួលពាក្យបណ្ដឹង ឬការិយាល័យប្រជាពលរដ្ឋ គឺគាត់មានសិទ្ធិដើម្បីប្ដឹងតវ៉ា»។

សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា រហូតមកដល់ពេលនេះ ការិយាល័យច្រកចេញចូលតែមួយ មានរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេត្តបាត់ដំបង បានដាក់ឲ្យដំណើរការគ្រប់ស្រុក១០០ភាគរយ ហើយខេត្តផ្សេងទៀត មិនទាន់បានទាំងស្រុងនោះទេ ប៉ុន្ដែនឹងបន្ដបើកដំណើរការជាបន្ដបន្ទាប់ ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

សូមជម្រាបថា ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ អង្គភាពច្រកចេញចូលតែមួយ គឺជាយន្តការដ៏មានប្រសិទ្ធភាពមួយ ដែលប្រមូលផ្តុំការផ្តល់សេវារដ្ឋបាល លើវិស័យនានានៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលា ស្របទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕