(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សា ការងារពាក់ព័ន្ធនឹងវិស័យមីននៅកម្ពុជាជាមួយ លោក YOSHIOKA Yoshito ប្រធានអង្គការ Japan Mine Action Service_JMAS ប្រចាំកម្ពុជា(ថ្មី) នៅទីស្នាក់ការអាជ្ញាធរមីន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមគាំទ្រស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជូនដល់ប្រជាជន និងប្រទេសកម្ពុជា ដែលក្នុងនោះជប៉ុនបានចូលរួមយ៉ាងសកម្មដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដើម្បីផ្តល់ដីសម្រាប់បង្កបង្កើនផល ជួយសង្រ្គោះអាយុជីវិត និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីសមិទ្ធផលសម្រេចបាននៃការងារបោសសម្អាតមីន បន្ទាប់ពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយរាជរដ្ឋាភិបាលកម្ពុជា បានចាត់ការងារបោសសម្អាតមីន ជាការងារអាទិភាពមួយក្នុងកិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។

លោកបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញចក្ខុវិស័យយ៉ាងច្បាស់លាស់ដើម្បីបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ដូចមាន ចែង ក្នុង ផែនការ យុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ព្រមទាំងបាននិងកំពុងខិតខំរិះរកនូវវិធីសាស្រ្តកាត់បន្ថយផ្ទៃដី ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ធនធានបោសសម្អាតមីន ដោយសហការជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍។

លោកបានជម្រុញឲ្យអង្គការ JMAS បន្តគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដោយត្រូវសហការយ៉ាងជិតស្និទ្ធិជាមួយអាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ។

លោក YOSHIOKA Yoshito ប្រធានអង្គការ JMAS ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចគាំទ្រដល់អង្គការ JMAS ចាប់តាំងពីឆ្នាំ២០០៦ លើការងារសកម្មភាពមីនមនុស្សធម៌ នៅក្នុងខេត្តបន្ទាយមានជ័យ ខេត្តស្ទឹងត្រែង និងខេត្តបាត់ដំបង ដោយសហការយ៉ាងជិតស្និទ្ធិជាមួយមជ្ឈមណ្ឌលស៊ីម៉ាក់ ក្រោមជំនួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន។ លោកបានបន្តលើកឡើងថា អង្គការ JMAS នឹងបន្តចូលរួមជួយគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា រហូតដល់កម្ពុជាបានសម្រេចនូវគោលដៅរបស់ខ្លួន៕