(ភ្នំពេញ)៖ នាពេលអនាគត រាជរដ្ឋាភិបាលកម្ពុជានឹងអភិវឌ្ឍកម្មវិធីមុខវិជ្ជាជំនាញបច្ចេកទេសខាងផ្នែកជណ្តើរយន្តបន្ថែមទៀត ដើម្បីដំឡើងឲ្យទៅជាសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈ រហូតដល់សញ្ញាបត្របច្ចេកទេសជាន់ខ្ពស់ ខណៈដែលវិស័យរដ្ឋ និងវិស័យឯកជនបានសហការគ្នាបើកវគ្គបណ្តុះបណ្តាលជំនាញជណ្តើរយន្តជំនាន់ទី១។

នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងសិក្ខាកាមជំនាញជណ្តើរយន្តជំនាន់ទី១ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កំណើននៃការសាងសង់អគារខ្ពស់ៗ និងតម្រូវការជណ្តើរយន្តនៅកម្ពុជា បាននិងកំពុងប្រឈមនឹងការខ្វះខាតមួយចំនួន រួមមាន ជាងដំឡើង ជាងជួសជុល និងការថែទាំជណ្តើរយន្ត ហើយខណៈពេលនេះពុំទាន់មានគ្រឹះស្ថានសិក្សាណាមួយបើកវគ្គបណ្តុះបណ្តាលជំនាញជណ្តើរយន្ត ដើម្បីផ្តត់ផ្គង់កម្លាំងពលកម្មដល់ទីផ្សារនៅឡើយ។

លោកបានបន្តថា ការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលជំនាញជណ្តើរយន្តនាពេលនេះ គឺធ្វើឡើងស្របតាមការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ពន្ធ ជាពិសេសសំណង់អគារខ្ពស់ៗ ដែលចាំបាច់ត្រូវការប្រើប្រាស់ជណ្តើរយន្តកាន់តែមានចំនួនច្រើនឡើងៗ។ ការបើកវគ្គបណ្តុះបណ្តាលនាថ្ងៃនេះដែរ គឺជាការចាប់ផ្តើមជាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការធ្វើពិពិធកម្មជំនាញថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

គួរជម្រាបថា ការបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម សហការជាមួយក្រុមហ៊ុន ជីហ្គៀ គ្រុប (GGear Group) UNIDO និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ជាការចូលរួមចំណែកដ៏មានតម្លៃក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ក្នុងឱកាសនោះ លោកបានស្នើសុំឱ្យមានវគ្គបណ្តុះបណ្តាលគ្រូបង្គោលបន្ថែមទៀត ដើម្បីឱ្យគ្រូបង្គោលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលបន្តដល់សិក្ខាកាម សិស្ស និស្សិត និងស្នើសុំដល់ក្រុមហ៊ុន និងអង្គការដៃគូឱ្យបន្តជួយគាំទ្រក្នុងការបើកវគ្គបណ្តុះបណ្តាលនេះនាឱកាសក្រោយទៀត ដើម្បីធានាថាគ្រូបង្គោលពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្ទេរចំណេះដឹង និងជំនាញនេះដល់សិក្ខាកាម សិស្ស និស្សិត ប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ដើម្បីឱ្យការបណ្តុះបណ្តាលជំនាញនេះទទួលបានជោគជ័យ និងប្រកបដោយគុណភាព លោក ពេជ សោភ័ន បានផ្តល់នូវអនុសាសន៍មួយចំនួន ដូចជា៖

១៖ ថ្នាក់ដឹកនាំវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ត្រូវបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងជំរុញលើការរៀបចំកម្មវិធីសិក្សាជំនាញជណ្តើរយន្តឱ្យបានស៊ីជម្រៅ ដោយសហការជាមួយនាយកដ្ឋានជំនាញនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រុមហ៊ុន និងអង្គការដៃគូ ឱ្យស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ចាប់ពីវិញ្ញាបនបត្រវិជ្ជាជីវៈ (VC) រហូតដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (HDT)។

២៖ ផ្តើមចេញពីទីនេះ លោកក៏បានធ្វើការអំពាវនាវដល់ក្រុមហ៊ុន និងអង្គការដៃគូ បន្តជួយគាំទ្រទាំងបច្ចេកទេស ឧបករណ៍ សម្ភារៈ និងធនធានថវិកាដល់គ្រូបច្ចេកទេស បានចុះសិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍នៅការដ្ឋានផ្ទាល់ តាមរយៈកម្មវិធី RIS។

៣៖ ស្នើក្រុមហ៊ុន និងអង្គការដៃគូ (UNIDO & SDC) សហការជាមួយនាយកដ្ឋានជំនាញនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ធ្វើការសិក្សាស្រាវជ្រាវលើតម្រូវការពលកម្មជំនាញក្នុងការដំឡើង ថែទាំ និងជួសជុលជណ្តើរយន្តនៅក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំផែនការបណ្តុះបណ្តាលឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។

៤៖ ស្នើក្រុមហ៊ុន និងអង្គការដៃគូ (UNIDO & SDC) ពិចារណារៀបចំកសាងធនធានសម្ភារៈ សម្រាប់អនុវត្តជាក់ស្តែងនៅនឹងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មផ្ទាល់។

៥៖ គ្រូបង្គោលទាំងអស់ត្រូវយកចិត្តទុកដាក់រៀនសូត្រ ទាំងទ្រឹស្តី និងអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយគុណភាព ហើយត្រូវធានាបាននូវវិធានសុវត្ថិភាពការងារក្នុងអំឡុងពេលចុះកម្មសិក្សា។

សូមជម្រាបថា ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGear Group) ជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយដែលនាំចូល និងចែកចាយផលិតផលម៉ាក អិលជី (LG) ក្នុងទីផ្សារកម្ពុជា មានដូចជាម៉ាស៊ីនត្រជាក់ ទូទឹកកក ទូរទស្សន៍ និងម៉ាស៊ីនបោកសម្លៀកបំពាក់ជាដើម។ រហូតមកដល់បច្ចុប្បន្នេះ កម្ពុជាបាននិងកំពុងផ្តល់ការងារដល់បុគ្គលិកសរុបចំនួនជាង៧៥០នាក់។ កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុននេះបានចុះអនុស្សរណៈជាមួយវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក្នុងគោលបំណងដើម្បីគាំទ្រលើវិស័យបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ព្រមទាំងបណ្តុះបណ្តាលបច្ចេកទេសជំនាញជណ្តើរយន្ត និងវិស័យមេកានិចផ្សេងៗទៀត ដោយផ្តើមចេញពីការសសេរកម្មវិធីសិក្សា ការបណ្តុះបណ្តាលគ្រូបង្គោល ការបណ្តុះបណ្តាលសិក្ខាកាម ការទទួលយកសិក្ខាកាមដែលបានបណ្តុះបណ្តាលឲ្យចូលបម្រើការងារនៅក្រុមហ៊ុន និងផ្តល់ឱកាសដល់សិស្ស និស្សិតចុះកម្មសិក្សា និងការងារ៕