(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្វាយសារលិខិតចូលរួមរំលែកទុក្ខ ទូលថ្វាយ ព្រះអង្គម្ចាស់ក្សត្រិយ៍នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រីព្រះអង្គម្ចាស់ក្សត្រិយ៍ ចំពោះការយាងសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៉ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

យោងតាមសារលិខិតរំលែកទុក្ខរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានបញ្ជាក់ថា «ខ្ញុំម្ចាស់មានសេចក្តីក្រៀមក្រំក្តុកក្តួល និងរន្ធត់ចិត្តយ៉ាងក្រៃលែង ដោយបានទទួលដំណឹងពីការយាងសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុន ស៊ិនប៉ិច និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា ដោយព្រះរោគាពាធ»

ការយាងសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនត្រឹមតែជាការបាត់បង់សមាជិកព្រះរាជវង្សានុវង្សដែលជាបញ្ញាវន្តដ៏ឆ្នើមមួយព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់មួយរូប ដែលធ្លាប់បានបូជាកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ មិនខ្លាចនឿយហត់ ចូលរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុបម្រើជាតិ សាសនា និងព្រះមហាក្សត្រ ជាទីគោរពសក្ការៈជារៀងកន្លងមក។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំរកទីបំផុតគ្មាននេះ ខ្ញុំម្ចាស់ និងក្រុមគ្រួសារ សូមចូលរួមរំលែកនូវព្រះមរណទុក្ខជាមួយព្រះអង្គម្ចាស់ក្សត្រិយ៍ និងព្រះរាជបុត្រា បុត្រី ព្រមទាំងព្រះញាតិវង្សានុវង្សទាំងអស់ ដោយក្តីស្រណោះ អាឡោះអាល័យ និងសង្វេគជាទីបំផុត។

ជាទីបញ្ចប់ ខ្ញុំម្ចាស់សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុសិក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមទ្រង់យាងទៅកាន់ឋានព្រះបរមសុខក្នុងព្រះសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖ ៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ ព្រះសពសម្តេចក្រុមព្រះ នឹងត្រូវយាងដង្ហែមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ៕