(ជប៉ុន)៖ យោងតាមព័ត៌មានរបស់ជប៉ុន ចេញផ្សាយមុននេះបន្តិច នាម៉ោង០១៖០៣នាទី ចូលថ្ងៃទី១៦ ខែមេសានេះបានឲ្យដឹងថា ជប៉ុនបានប្រកាស ដកចេញពីសញ្ញានៃការព្រមានអំពីរលកយក្សស៊ូណាមី ក្រោយពីទទួលរងគ្រោះរញ្ជួយដីថ្មីមួយ កំរិត៧.១រិចទ័រ ទីក្រុង Kumamoto របស់ជប៉ុន។

ភ្លាមៗរដ្ឋាភិបាលជប៉ុនបានប្រកាស អំពីការព្រមានរលកយក្សស៊ូណាមី អាចនឹងកើតមាននៅតំបន់ជុំវិញ ក្បែរកន្លែងរញ្ជួយដី។ ប៉ុន្តែនៅពេលនេះត្រូវបានជប៉ុនប្រកាសដកចេញវិញហើយ។

ចំនួននៃការខូចខាត និងអ្នកស្លាប់ ព្រមទាំងរងរបួស មិនទាន់ទទួលបានព័ត៌មាននៅឡើយនោះទេ។

ក្រុមភូមិសាស្រ្តរបស់សហរដ្ឋអាមេរិក (USGS) បានរាយការណ៍ គ្រោះរញ្ជួយដីនេះមានជំរៅ ៧គីឡូម៉ែត្រ ហើយបានកើតឡើងមួយ ថ្ងៃបន្ទាប់មានគ្រោះរញ្ជួយដីកំរិត ៦.៤រិចទ័រ កាលពីម្សិលមិញនៅទីក្រុងនោះដែរ។

សូមជំរាបថា កាលពីម្សិលមិញគ្រោះរញ្ជួយដី៦.៤រិចទ័រ នៅទីក្រុង Kumamoto ភាគខាងត្បូងប្រទេសជប៉ុន បានបណ្តាលឲ្យមនុស្សស្លាប់៩នាក់ និងជាង២៥០នាក់រងរបួស ព្រមទាំងបំផ្លាញផ្ទះជាច្រើនខ្នង និងចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់ផងដែរ៕