(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការរៀបចំការប្រឡងថ្នាក់ខេត្ត នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញកាត់កញ្ចប់ បើកវិញ្ញាសារប្រឡងជ្រើសរើស ក្របខណ្ឌមន្រ្តីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ឲ្យបម្រើនៅរដ្ឋបាលសាលាខេត្តស្ទឹងត្រែង និងសាលាស្រុកបុរីអូរស្វាយសែនជ័យ។

នៅក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឲ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតី ឲ្យរឹងមាំ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង និងបានជូនពរបេក្ខជនទាំងអស់ឲ្យទទួលបានជោគជ័យគ្រប់ៗគ្នា។

គូរបញ្ជាក់ថា សម្រាប់សម័យប្រលងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះរាជបូជនីយកិច្ច សរុបមានចំនួន ៧បន្ទប់ ក្នុងនោះ ក្របខណ្ឌ(ក) មន្រ្តីរដ្ឋបាលជាន់ខ្ពស់ចំនួន ៣បន្ទប់ បេក្ខជនសរុបចំនួន ៤៣នាក់ ស្រី ១៨នាក់ ក្របខណ្ឌមន្រ្តីក្រមការ (ខ) ចំនួន ៤បន្ទប់ បេក្ខជនសរុបចំនួន ៥០នាក់ ស្រី ៣៧នាក់៕