(ប៉ៃលិន)៖ ការប្រឡងជ្រើសរើសមន្ត្រីរាជការនៅខេត្តប៉ៃលិនប្រចាំឆ្នាំ២០២០ មានបេក្ខជនមកប្រឡងសរុបចំនួន៣៤នាក់ ក្នុងនោះសម្រាប់ក្របខណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ (ក្របខណ្ឌ ក ) មានចំនួន១៧នាក់ និងក្របខណ្ឌមន្រ្តីក្រមការ (ក្របខណ្ឌ ខ) មានចំនួន១៧នាក់។ ដើមឡើយមានអ្នកដាក់ពាក្យចំនួន៤៤នាក់ ប៉ុន្តែពេលមកប្រឡងគឺអវត្តមានចំនួន១០នាក់ ដូច្នេះអ្នកដែលមកប្រឡងនៅសល់៣៤នាក់។

នាឱកាសកាត់បើកកញ្ចប់វិញ្ញាសាជូនបេក្ខជនដែលចូលរួមប្រឡងខាងលើ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានស្នើឱ្យបេក្ខជនប្រឡងនាពេលនេះ ត្រូវប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួនយ៉ាងពិតប្រាកដ កុំធ្វើដោយប្រើទង្វើសូកប៉ាន់ពុករលួយផ្សេងៗ ដែលនាំឲ្យខាតប្រយោជន៍ខ្លួននាពេលខាងមុខ។

លោកស្រីបានជម្រាបជូនបេក្ខជននាពេលនេះថា ដើម្បីធានានូវសុវត្ថិភាព និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងកិច្ចដំណើរការប្រឡង គណៈកម្មការរៀបចំការប្រឡង អនុគណៈកម្មការនានា និងបេក្ខជនត្រូវពាក់បណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា បើមានបេក្ខជនណាដែលមិនមានបណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មិនអនុញ្ញាតឱ្យចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងឡើយ។

លោកស្រីអភិបាលខេត្តបានណែនាំដល់មន្ត្រីដែលមានតួនាទីភារកិច្ចធ្វើជាគណៈកម្មការ-អនុគណៈកម្មការក្នុងការប្រឡង ត្រូវយកចិត្តទុកដាក់អនុវត្តតាមតួនាទីភារកិច្ចតាមដំណាក់កាលនីមួយៗ ប្រសិនបើមានកិច្ចការលើសពីដែនសមត្ថកិច្ចទទួលខុសត្រូវ ត្រូវស្នើសុំទៅប្រធានគណៈកម្មការ ដើម្បីរួមគ្នាដោះស្រាយបានទាន់ពេលវេលា តាមគោលការណ៍ និងលក្ខន្តិកៈនៃការប្រឡងតាមឋានានុក្រម។

លោកស្រី បាន ស្រីមុំ បានបន្តទៀតថា នេះជាផ្លែផ្កានៃលទ្ធផលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការនៅថ្នាក់ក្រោមជាតិ ហើយការងារប្រឡងជ្រើសរើសមន្ត្រីរាជការខេត្តប៉ៃលិន ជាឱកាសសម្រាប់កូនចៅរបស់អ្នកខេត្តប៉ៃលិនបានចូលធ្វើជាមន្ត្រីរាជការ។ សូមឱ្យម្នាក់ៗត្រូវទទួលខុសត្រូវ ធានាបាននូវគុណភាព តម្លាភាព ហើយមន្ត្រីដែលជ្រើសរើសត្រូវមានសមត្ថភាពបម្រើប្រជាពលរដ្ឋ៕