(ភ្នំពេញ)៖ ឆ្លងកាត់ដំណាក់កាលវិបត្តិជំងឺកូវីដ១៩ប្រមាណ២ឆ្នាំមកនេះ ប្រជាពលរដ្ឋមានការផ្លាស់ប្ដូរឥរិយាបថក្នុងការទទួលអាហារនៅភោជនីយដ្ឋាន-អាហារដ្ឋាន ខណៈអាជីវកម្មទាំងនោះក៏បានរៀបចំឱ្យសមស្របទៅតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវ ហើយក៏ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធផងដែរ។

ដូចដែលយើងដឹងហើយថា នៅចុងឆ្នាំ២០១៩ ពិភពលោកទាំងមូលបានរងនូវវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩ ក្នុងនោះកម្ពុជាក៏បានជួបវិបត្តិដោយសារជំងឺនេះផងដែរ។ ប្រការនេះបានធ្វើឱ្យអាជីវកម្មក្នុងវិស័យទេសចរណ៍ ភោជនីយដ្ឋាន អាហារដ្ឋាន ក៏ត្រូវបានបិទអស់ខ្លះដែរ។ ទន្ទឹមនឹងនេះ គេសង្កេតឃើញប្រជាពលរដ្ឋមានការផ្លាស់ប្ដូរឥរិយាបថនៃការរស់នៅ រាប់ទាំងការចេញទៅទទួលអាហារនៅក្រៅផ្ទះជាដើម។

ជាការសង្កេតរបស់លោក លូ ម៉េង ដែលជាប្រធានសហព័ន្ធទេសចរណ៍កម្ពុជា និងជាម្ចាស់ភោជនីយដ្ឋានអ៊ុយគុយទាវផងនោះ គឺថាអថិតិជនដែលមកទទួលអាហារនៅហាងអ៊ុយគុយទាវ (Uy Kuyteav) របស់លោក គឺមានការផ្លាស់ប្ដូរទម្លាប់ថ្មីខុសពី២ឆ្នាំមុន ដែលកម្ពុជាជួបនូវវិបត្តិជំងឺកូវីដ១៩។ លោកថា កាលពីមុន ភ្ញៀវតែងគិតលើតម្លៃជាមុន ប៉ុន្តែបច្ចុប្បន្ននេះពួកគាត់គិតលើសុវត្ថិភាពចំពោះសុខភាព អនាម័យ និងរសជាតិសំខាន់ជាងតម្លៃ។

មេចុងភៅដ៏ល្បីល្បាញនៅកម្ពុជារូបនេះបានថ្លែងយ៉ាងដូច្នេះថា «ភ្ញៀវមានទម្លាប់ថ្មី ខុសគ្នាពីមុន ពីមុនគាត់មើលតម្លៃសិន តែឥលូវនេះគាត់មើលលើសុខភាព អនាម័យ និងរសជាតិសំខាន់ជាងតម្លៃ គឺខុសគ្នាកាលពី២ឆ្នាំមុន»

ថៅកែហាងអ៊ុយគុយទាវបានបន្តថា គ្រួសារភ្ញៀវដែលគាត់ចូលមកទទួលទានអាហារនៅហាងរបស់លោក គាត់អាចអង្គុយតុវែងបាន ឬអង្គុយនៅតុខាងក្រៅជាប់មុខហាងក៏បាន ដែលត្រូវបានដាក់ឱ្យឃ្លាតៗពីគ្នា។

លោក លូ ម៉េង បានបន្តថា ចំពោះហាងអ៊ុយគុយទាវរបស់លោក ដោយសារតែភ្ញៀវដែលមកទទួលទានមានទម្លាប់ថ្មីយ៉ាងដូច្នេះហើយ លោកក៏បានរៀបចំចំណង់ចំណូលចិត្តរបស់ពួកគេដែរ ពិសេសគឺស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍។

ដោយសារតែមានអតិថិជននៅតែបន្តគាំទ្រហាងអ៊ុយគុយទាវរបស់លោក លូ ម៉េង យ៉ាងដូច្នេះហើយ ទើបលោកនៅអាចបន្តអាជីវកម្មរបស់ខ្លួនបានក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩ ព្រមទាំងអាចរក្សាការងារដល់បុគ្គលសរុបប្រមាណជាង៤០០នាក់ ខណៈដែលលោកមានហាងចំនួន៧-៨កន្លែងដែរ។ នាពេលខាងមុខ លោកក៏ត្រៀមបើកហាងបន្ថែមទៀតផងដែរ ដើម្បីត្រៀមទទួលសេវាកម្មម្ហូបអាហារជូនភ្ញៀវជាតិ-អន្តរជាតិ៕