(ភ្នំពេញ)៖ ស្ដ្រីម្នាក់ដែលជាសន្ដិសុខ ហើយត្រូវបានប្ដីជះទឹកអាស៉ីតរងរបួសធ្ងន់រស់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ឈ្មោះ លី រ៉ានី អាយុ៥០ឆ្នាំ ទទួលបានអំណោយពីអ្នកស្រី រៃ សុភា ម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្ស សុភា (Sophea Skin Care) នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រួមមាន ថវិកា២០០ដុល្លារ និងអង្ករ៣បាវ។

អ្នកស្រី រៃ សុភា បាននិយាយថា ដោយមើលឃើញពីទុក្ខលំបាក និងស្ថានភាពរបួសរបស់សន្តិសុខស្រីរងគ្រោះខាងលើ បានធ្វើឲ្យអ្នកស្រីមានការអាណិតអាសូរក្រៃលែង។ អ្នកស្រីបានឃើញស្ថានភាពរបស់ស្រ្តីរងគ្រោះ តាមរយៈការចុះផ្សាយរបស់អង្គភាពព័ត៌មាន Fresh News កាលពីពេលកន្លងមក ហើយអ្នកស្រីចង់ជួយគាត់ (ជនរងគ្រោះ) យូរមកហើយ ប៉ុន្តែដោយសារតែការឆ្លងរីករាលដាលជំងឺកូវីដ១៩ ទើបអ្នកស្រីពន្យាពេលរហូត មកដល់ពេលនេះ ទើបចាត់តំណាងឲ្យនាំយកអំណោយទាំងនេះជូនដល់គាត់។

សូមបញ្ជាក់ថា ជនរងគ្រោះត្រូវបានប្ដីឈ្មោះ ហេង ចាន់ឌី អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានចុះចោលទៅមានស្រីថ្មីរយៈពេល៥ឆ្នាំ បន្ទាប់មកបានមកសុំរួមរស់ ជាមួយគាត់វិញ ប៉ុន្តែគាត់មិនព្រមទើបធ្វើឲ្យប្ដីខឹង។

បន្ទាប់មកទៀត នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ខណៈដែលគាត់ដើរចេញពីយាមរោងចក្រទៅក្បែរជណ្ដើរផ្ទះជួលដែលគាត់ស្នាក់នៅ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ប្ដីនោះក៏បានធ្វើសកម្មភាពជះទឹកអាសុីតដាក់បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។

ប្រភពខាងលើបានបន្តថា រហូតមកដល់ពេលនេះ ថ្វីដ្បិតតែប្ដីត្រូវនគរបាលចាប់ខ្លួនហើយកំពុងជាប់ពន្ធនាគារព្រៃស ប៉ុន្តែរបួសរបស់អ្នកស្រី លី រ៉ានី ជាតែខាងក្រៅប៉ុណ្ណោះចំណែកខាងក្នុងនៅមានការឈឺចាប់នៅឡើយ។

ក្រោយពេលទទួលបានអំណោយគាត់សប្បាយចិត្តខ្លាំងណាស់ ហើយបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់អ្នកស្រី រៃ សុភា ម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្ស សុភា (Sophea Skin Care) ដែលបានជួយឧបត្ថម្ភចំពេលដែលគាត់កំពុងជួបការខ្វះខាតនេះ។ បើសិនបងប្អូនសប្បុរសជន ចង់ឧបត្ថម្ភដល់ស្រ្តីរងគ្រោះ អាចទាក់ទងតាមលេខទូរស័ព្ទ 012 364 423៕