(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យដល់ការដ្ឋានសាងសង់ និងជួសជុលផ្លូវក្រាលកៅស៊ូ២ខ្សែ ដែល១ខ្សែ ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៥៧ ក្នុងភូមិទំនប់ រហូតដល់ចំណុចផ្សារឃែរ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ហើយ១ខ្សែទៀត ចាប់ពីផ្សារឃែរ ក្នុងភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ រហូតដល់ចំណុចអូរសួស្តី ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងឱកាសនោះ លោកស្រីបានណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុនសាងសង់ធ្វើយ៉ាងណាសហការគ្នាឱ្យបានល្អ ក្នុងដំណើរការសាងសង់ និងជួសជុល ឱ្យបានល្អ ប្រកបដោយលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ហើយបង្កើនការជំរុញអនុវត្តឱ្យបានឆាប់ចប់ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ជាពិសេសងាយស្រួលដល់ប្រជាពលរដ្ឋទូទៅបានធ្វើដំណើរឆ្លងកាត់ ពិសេសប្រជាកសិករដឹកកសិផល បានឆាប់រហ័ស។

លោកស្រី បាន ស្រីមុំ ក៏បានក្រើនរំឮកដល់ចៅសង្កាត់ និងអភិបាលស្រុកសាលាក្រៅ ក្រៅពីការស្ថាបនាផ្លូវពីរខ្សែនេះ ហើយត្រូវសិក្សាលើគម្រោងផ្លូវនានាថែមទៀត ពិសេសក៏ត្រូវយកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់អនាម័យ លើដងផ្លូវ រួមនឹងការយកចិត្តទុកដាក់ធ្វើការឈូសឆាយ ពង្រាបផ្លូវ សម្រួលដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋតាមដងផ្លូវឱ្យមានលក្ខណៈល្អប្រសើរឡើងថែមទៀត។

គួរបញ្ជាក់ថា ផ្លូវទាំង២ខ្សែខាងលើនេះ មានប្រវែងប្រមាណ៥៤គីឡូម៉ែត្រ ទទឹងប្រវែង៨ម៉ែត្រ និងមានប្រព័ន្ធលូជាច្រើនកន្លែងបន្ថែមទៀត ដើម្បីកុំឱ្យមានបញ្ហាស្ទះទឹកលិចផ្លូវ ឬផ្ទះប្រជាពលរដ្ឋ ពេលមានករណីជំនន់ទឹកភ្លៀងម្តងៗ៕