(ក្រចេះ)៖ កម្លាំងនគរបាលស្រុកឆ្លូង ខេត្តក្រចេះ បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរំលោភកុមារីអាយុ៨ឆ្នាំ។ កាឃាត់ខ្លួននេះធ្វើឡើងនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិគ្រូច ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៨ និង៣០នាទី សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីម្តាយជនរងគ្រោះថា មានករណីរំលោភសេពសន្ថវៈបានសម្រេចចំនួន៥លើក ក្នុងចន្លោះខែតុលា ទៅខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិឃុំកើតហេតុខាងលើ។

កុមារីរងគ្រោះ ឈ្មោះ ប.ណ អាយុ៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រូច ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។ ចំណែកជនសង្ស័យ ឈ្មោះ សឿន គ្រួច ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំជាមួយកុមារីរងគ្រោះ។

នគរបាលបានបន្តថា តាមបណ្តឹងពីម្តាយជនរងគ្រោះថាមានករណីរំលោភសេពសន្ថវៈ នៅចំណុចភូមិក្រូច ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ដោយជនរងគ្រោះបានប្រាប់ម្តាយខ្លួនថានៅថ្ងៃ ខែមិនចាំ ឆ្នាំ២០២១ មានជនសង្ស័យឈ្មោះ សឿន គ្រួច បានធ្វើសកម្មភាពរំលោភលើរូបនាងបានសម្រេចចំនួន៥លើក ហើយបានគំរាមមិនឱ្យនាងប្រាប់អ្នកណានោះឡើយ បើប្រាប់ និងសម្លាប់ចោល ហើយរំលោភលើកចុងក្រោយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ លុះមកដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ទើបមកប្តឹងសមត្ថកិច្ច។

ក្រោយទទួលបណ្តឹងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឆ្លូង ហើយក្រោយពីការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភលើក្មេងស្រីនោះបានសម្រេចចំនួន៥ដង ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកឆ្លូង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តបន្តនីតិវិធីច្បាប់៕