(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» ក្នុងការរួមចំណែកសម្រួលដល់វិនិយោគិនក្នុងស្រុកនាពេលបច្ចុប្បន្ន និងទាក់ទាញលំហូរវិនិយោគក្រៅស្រុក ដើម្បីពង្រឹង និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

សិក្ខាសាលានេះ ធ្វើឡើងដោយមានវាគ្មិនពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ហេង ប៊ុន ហុង និងក្រោមអធិបតីភាព លោក សួន សុផល ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងការជំរុញគម្រោងវិនិយោគឯកជន គណៈកម្មាធិការវិនិយោគកម្ពុជា និងប្រធានសមាគមស្បែកជើងកម្ពុជា ឧកញ៉ា លី ឃុនថៃ ក៏ដូចជាមានការចូលរួមពីសំណាក់សមាជិក សមាជិកា នៃសមាគមស្បែកជើងកម្ពុជា នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំ The Factory Phnom Penh និងតាមរយៈប្រព័ន្ឋអនឡាញ Zoom ។

ឧកញ៉ា លី ឃុនថៃ បានលើកឡើងថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដ៏មានសារៈសំខាន់នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយពីការចូលជាធរមាននៃច្បាប់ថ្មីនេះ ដើម្បីជំរុញកំណើននៃគម្រោងវិនិយោគ និងការផ្តល់ជូននូវអត្ថប្រយោជន៍យ៉ាងច្រើនសម្បូរបែបជូនដល់វិនិយោគិន ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនយ៉ាងផុសផុល។

ប្រធានសមាគមស្បែកជើងកម្ពុជា បានបន្តថា ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកសាងប្រទេសជាតិមាតុភូមិកម្ពុជា ប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញនូវវិធានការ និងគោលការណ៍នានាក្នុងការការពារ និងជួយសម្រួលដល់វិនិយោគិន ជាពិសេសនៅក្នុងកំឡុងពេលនៃវិបត្តិកូវីដ-១៩ ដែលកំពុងរាតត្បាតនៅទូទាំងពិភពលោក។ មួយវិញទៀត ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការតាក់តែងច្បាប់វិនិយោគដែលសមស្របសម្រាប់បរិបទវិនិយោគ និងតម្រូវការវិនិយោគនាសម័យទំនើបនេះ។

សូមជម្រាបថា ច្បាប់ស្ដីពីវិនិយោគនេះ ត្រូវបានតាក់តែងឡើងតាមការចង្អុលបង្ហាញ របស់គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ និងបានឆ្លងកាត់ការសិក្សាស្រាវជ្រាវ និងតាក់តែងឡើងយ៉ាងម៉ត់ចត់ ដោយក្រុមការងារនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់តាំងពីឆ្នាំ២០១៥ រហូតបានបញ្ចប់នៅចុងឆមាសទី១ នៃឆ្នាំ២០១៩ ស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។

ក្នុងកិច្ចដំណើរការនៃការតាក់តែងច្បាប់ថ្មីនេះ ក្រុមការងារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រជុំពិគ្រោះយោបល់ជាមួយតំណាងផ្នែកឯកជន និងតួអង្គពាក់ព័ន្ធដទៃទៀតជាច្រើនលើកច្រើនសារ ជាពិសេសជាមួយនឹងក្រុមការងារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ។

ច្បាប់ស្តីពីវិនិយោគនេះ ត្រូវបានតាក់តែងឡើងក្នុងគោលបំណងបង្កើត នូវក្របខណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងប្រកបដោយភាពអំណោយផល ដែលអាចទាក់ទាញនិងជំរុញការវិនិយោគនៅកម្ពុជាឱ្យមានគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕