(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា (NHRC) កំពុងតែត្រូវបានពន្លឿន ហើយគ្រោងដាក់ជូនទៅគណៈរដ្ឋមន្ត្រីនៅពាក់កណ្តាល ឆ្នាំ២០២២។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានសហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ជាមួយសង្គមស៉ីវិល ស្តីពី សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា (NHRC) ក្នុងគោលដៅរកធាតុចូលបន្ថែមឲ្យបានកាន់តែច្រើន។

«យើងខិតខំពន្លឿនសេចក្តីព្រាងច្បាប់នេះ ហើយរំពឹងថា នឹងដាក់ជូនគណៈរដ្ឋមន្ត្រី នៅពាក់កណ្តាលឆ្នាំក្រោយ»។ នេះជាការបញ្ជាក់របស់ លោក ជេត ជាលី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពេលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន។

បើតាមលោក ជេត ជាលី, ការបង្កើតស្ថាប័នគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា គឺជាកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងឆន្ទៈលើកស្ទួយសិទ្ធិមនុស្ស។ លោកបន្តថា សេចក្តីព្រាងច្បាប់នេះ បានរៀបចំធ្វើឡើងរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និង APF (Asia Pasific Forum) ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី។ ការបង្កើតច្បាប់នេះឡើង គឺដើម្បីធានាការលើកតម្លៃសិទ្ធិមនុស្ស ដូចដែលអង្គការសហប្រជាជាតិបានកំណត់។

លោក ជេត ជាលី បានបន្តថា នៅសម័យខ្មែរក្រហម សិទ្ធិរស់រានមានជីវិត ដែលជាផ្នែកមួយដ៏ធំនៃសិទ្ធិមនុស្សត្រូវបានបំបាត់ចោលដោយអង្គការ ហើយពេលអង្គការចង់ដកហូតជីវិតមនុស្សពេលណា គឺគេធ្វើពេលនោះភ្លាម។ ប៉ុន្តែ សព្វថ្ងៃនេះសិទ្ធិមនុស្សត្រូវបានការពារយ៉ាងខ្លាំង ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

លោក ជេត ជាលី បានបន្ថែមថា «ដើម្បីឲ្យការគោរពសិទ្ធិមនុស្សនៅកាន់តែមានប្រសិទ្ធិភាព និងការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន អំពីសិទ្ធិមនុស្ស ទើបអនុញ្ញាតឲ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើសេចក្តីព្រាងនេះឡើង ដើម្បីលើកកម្ពស់ និងការពារសិទ្ធិរបស់ពលរដ្ឋកម្ពុជា»។

ក្នុងសិក្ខាសាលានេះ លោកស្រី Claudia de la Fuente តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) បានបញ្ជាក់ជាថ្មីពីការគាំទ្រកម្ពុជា ពាក់ព័ន្ធការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សកម្ពុជា។ លោកស្រីបន្តថា ការបង្កើតគណៈកម្មធិការជាតិសិទ្ធិមនុស្សកម្ពុជា គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្សនៅកម្ពុជា។

ចំណែកឯលោក កត្តា អ៊ន បានធ្វើបទបង្ហាញអំពីសាវតារ និងសេចក្តីព្រាងច្បាប់នេះថា កន្លងមកសេចក្តីព្រាងច្បាប់នេះ បានប្រគល់ឲ្យអង្គការសង្គមស៉ីវិល (NGOs) ជាអ្នកព្រាងប៉ុន្តែមិនមានដំណើរការ។ ទើបមកដល់ពេលនេះ ដើម្បីឲ្យសេចក្តីព្រាងច្បាប់នេះលេចជារូបរាង ទើបសម្តេចតេជោនាយករដ្ឋមន្រ្តី សម្រេចប្រគល់ឲ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទទួលបន្ទុក។

សូមជម្រាបថា គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ជាស្ថាប័នជាតិ ឯករាជ្យ អព្យាក្រឹត្យ ក្នុងការបំពេញការងារលើវិស័យសិទ្ធិមនុស្ស។ ច្បាប់នេះមាន៨ ជំពូក និង៣២ មាត្រា។

សិក្ខាសាលានេះបានពិភាក្សា ផ្តល់យោបល់ និងផ្តល់ធាតុចូលយ៉ាងសកម្មផុះផុលរាល់មាត្រា និងជំពួកនីមួយៗក្នុងស្មារតីសាមគ្គីភាព និងស្និតស្នាល ប្រកប ដោយជោគជ័យ។ ក្រុមការងារធ្វើសេចក្តីព្រាងនេះបានទទួលយកនូវរាល់យោបល់ទាំងអស់របស់សិក្ខាកាមមកពិភាក្សា និងបញ្ចូលក្នុងមាត្រទាំងឡាយណាដែលសិក្ខាកាមបានស្នើសុំ៕