(ភ្នំពេញ)៖ លោក ឯក ឃុនដឿន ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវ និងជាអភិបាលខណ្ឌ បានលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិនទុកឱ្យនរណាម្នាក់ចោលឡើយ និងមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ក្រោមការដឹកនាំប្រកបដោយព្រហ្មវិហារធម៌ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា»

លោក ឯក ឃុនដឿន បានលើកឡើងយ៉ាងដូច្នេះ ក្នុងពេលលោក និងក្រុមការងារអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន ជូនដល់ប្រជាពលរដ្ឋជួបការខ្វះខាត ចាស់ជរា និងជនពិការ ចំនួន២៥គ្រួសារ រស់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងសកម្មភាពមនុស្សធម៌នេះ, លោក ឯក ឃុនដឿន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ «សូមកុំធ្វេសប្រហែស ហើយបន្តប្រុងប្រយ័ត្ន ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ និង៣កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩»

សូមជម្រាបថា សម្រាប់អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ នាំយកមកផ្តល់ជូនប្រជាពលរដ្ឋជួបការខ្វះខាត ចាស់ជរា និងជនពិការទាំង២៥គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកស៉ីអ៉ីវ១យួរ, ត្រីខ១យួរ, ឃីត១កញ្ចប់, ម៉ាស១ដុំ និងថវិកាចំនួន២មុឺនរៀល ស្មើៗគ្នា៕