(ត្បូងឃ្មុំ)៖ លោក ឯក ក្រិត្យ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានណែនាំដល់សមាជិក គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវយកចិត្តទុកដាក់ និងត្រូវបំរើសេវាសាធារណៈជូន ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ នៅតាមមូលដ្ឋានរបស់ខ្លួន។

ការថ្លែងបែបនេះរបស់លោក ឯក ក្រិត្យ ក្នុងឱកាសតំណាងឱ្យលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយស្រុកពញាក្រែក អញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំ អាណត្តិទី៥ សម្រាប់ឆ្នាំ២០២២-២០២៧ ដែលធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក ឯក ក្រិត្យ ក៏បានបានជម្រុញដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា តាមមូលដ្ឋានបន្តខិតខំប្រឹងប្រែងបន្ថែមទៀត លើការយកចិត្តទុកដាក់មើលថែរក្សា ផ្តល់ភាពកក់ក្តៅ និងពង្រឹងសមត្ថភាពសមាជិកសមាជិកា ដែលត្រូវឈរឈ្មោះជាបេក្ខភាពរបស់គណបក្សប្រជាជនកម្ពុជា ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ខាងមុខនេះ។

លោក ឯក ក្រិត្យ ក៏បានជម្រុញដល់មន្ត្រី CPP មូលដ្ឋាន ត្រូវបន្តធ្វើសកម្មភាពឱ្យបានផុសផុលលើចល័នារបស់គណបក្សឲ្យល្អប្រសើរ និងមានប្រជាប្រិយភាព ជាពិសេស សមាជិកសមាជិកា ត្រូវពិនិត្យមើលឯកសារដែលពាក់ព័ន្ធសម្រាប់ដំណើរការបោះឆ្នោតបានគ្រប់គ្នាៗ និងបានជម្រុញដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ព្រោះថាកូវីដមិនភ្លេចយើងទេ ដោយត្រូវបន្តអនុវត្តន៍ បីកុំ និងបីការពារ និងត្រូវរៀនរស់តាមគន្លងថ្មី និងរួមគ្នាអនុវត្តន៍ គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរ។

សូមជម្រាបជូនថា សម្រាប់ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បេក្ខភាពដែលត្រូវបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ មានសរុប២៤រូប ក្នុងនោះត្រូវអង្គបោះឆ្នោតមានចំនួន១០២ រូប៕