(ភ្នំពេញ)៖ លោក ឈាង វុន បានជាប់ឆ្នោតជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា (គណៈកម្មការទី២) ដែលជាតំណែងចាស់របស់ លោក ជាម យៀប ខណៈដែល លោក សួស យ៉ារ៉ា បានជាប់ឆ្នោតជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) ជំនួសលោក ឈាង វុន។

ការបោះឆ្នោតជ្រើសតាំង លោក ឈាង វុន និង លោក សួស យ៉ារ៉ា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា និងក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទាំងពីរ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

នៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា អង្គសភាបានបោះឆ្នោតគាំទ្រ លោក ឈាង វុន ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងលោក ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

បន្ទាប់ពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសនូវលទ្ធផលរួចមក គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានធ្វើការប្រជុំគណៈកម្មការរៀងៗខ្លួន ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំង ប្រធាន អនុប្រធាន និងលេខាធិការថ្មីជំនួស ដែលមានលទ្ធផលដូចតទៅ៖

១៖ លោក ឈាង វុន ត្រូវបានជាប់ឆ្នោត ជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម។
២៖ លោក សួស យ៉ារ៉ា ត្រូវបានជាប់ឆ្នោត ជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន
៣៖ លោក នឹម ច័ន្ទតារា ត្រូវបានជាប់ឆ្នោត ជាអនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន
៤៖ លោក ទី សុគន្ធ ត្រូវបានជាប់ឆ្នោត ជាលេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន៕